(សិង្ហបុរី)៖ មនុស្សយ៉ាងហោច ១០នាក់មានសញ្ជាតិផ្សេងៗគ្នាដូចជាស៊ីប តួកគី ចិន កម្ពុជា និងជនជាតិដើមភាគតិចនីវ៉ានូអាទូ ត្រូវបានប៉ូលិសសិង្ហបុរី ចោទប្រកាន់ជាផ្លូវការកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការដឹកនាំប្រតិបត្តិការវាយឆ្មក់ផ្ទួនៗគ្នា នៅទូទាំងប្រទេសសិង្ហបុរី ជាផ្នែកមួយនៃការប្រយុទ្ធ ប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសឆបោក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

មនុស្សទាំង១០នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះនៅឯផ្ទះរបស់ពួកគេ ក្នុងតំបន់ដូចជា Sentosa Cove, Tanglin, Orchard, Holland និង River Valley។ ប៉ូលិសជាង ៤០០នាក់បានមកពីស្ថាប័នចម្រុះបានចូលរួមក្នុងប្រតិបត្តិការវាយឆ្មក់ខាងលើ ដើម្បីបង្រ្កាបនូវអ្វី ដែលប៉ូលិសហៅថាជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុតមួយប្រឆាំងនឹងការលាងលុយ និងបទល្មើសឆបោករបស់អាជ្ញាធរសិង្ហបុរី។

គួរបញ្ជាក់ថា បើតាមប៉ូលិសសិង្ហបុរី ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសក្នុងប្រតិបត្តិការវាយឆ្មក់ គិតជាទឹកប្រាក់ស្មើនឹងជាង ៧៣៦លានដុល្លារ ក្នុងនោះ មានទាំងរថយន្ដ គណនីធនាគារ លុយសុទ្ធ និងវត្ថុមានតម្លៃជាច្រើនទៀត។ នៅក្នុងចំណោមជនជាប់ចោទដែលត្រូវបានចាប់ខ្លួនទាំង១០នាក់ខាងលើ មាន មនុស្ស៣នាក់ដែលជាជនជាតិចិន មានសញ្ជាតិខ្មែរ មានឈ្មោះដូចជា Su Baolin Chen Qingyuan និង Su Wenqiang៕