(កៀវ)៖ អ្នកនាំពាក្យម្នាក់របស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែននឹងមិនអាចធ្វើប្រតិបត្តិការយន្ដហោះចម្បាំង F-16 ផលិត ដោយសហរដ្ឋអាមេរិក នៅស​រទរដូវ និងរដូវរងាខាងមុខនេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

ថ្លែងបាប់ទូរទស្សន៍អ៊ុយក្រែននៅថ្ងៃពុធសប្ដាហ៍នេះ លោក យូរី អ៉ីណាត់ (Yuriy Ihnat) បានគូសបញ្ជាក់ដូច្នេះថា «វាច្បាស់ណាស់ទៅហើយថា យើងនឹងមិនអាចការពារអ៊ុយក្រែនជាមួយយន្ដហោះចម្បាំង F-16 ឡើយ អំឡុងសរទរដូវនេះ និងរដូវរងាខាងមុខ។ យើងមានសង្ឃឹមយ៉ាងធំ សម្រាប់យន្ដហោះចម្បាំងនេះ ដែលវានឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធការពារអាកាស និងអាចការពារពួកយើងពីការវាយប្រហារភេរវកម្មដោយ មីស៊ីល និងយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី»

គួរបញ្ជាក់ថា អ៊ុយក្រែន ធ្លាប់បានទទូចសុំយន្ដហោះចម្បាំង F-16 ម្ដងហើយម្ដងទៀតពីបណ្ដាប្រទេសលោកខាងលិច ហើយលោក ហ្សេលេនស្គី ចាត់ទុកថាយន្ដហោះចម្បាំងនេះនឹងផ្ដល់ឱ្យអ៊ុយក្រែននូវសមត្ថភាពបន្ថែមដើម្បីបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្ដល់ភ្លើងបៃតងចំពោះកម្មវិធីបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបបញ្ជាយន្ដហោះចម្បាំង F-16 កាលពីខែឧសភាកន្លងទៅ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទផ្ដល់យន្ដហោះចម្បាំងស៊េរីទំនើបនេះនៅឡើយទេ៕