(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសពីការវាយដណ្ដើមបានភូមិ អ៊ូរ៉ូហ្សែន (Urozhaine) ពីទាហានរុស្ស៉ីមកវិញ ក្នុងតំបន់ភាគអាគ្នេយ៍ នៃប្រទេស ប៉ុន្តែបានព្រមានថាស្ថានការណ៍ក្នុងតំបន់ភាគឦសានមានសភាពយ៉ាប់យ៉ីន នៅចំពោះមុខការវាយបកពីទាហានរុស្ស៉ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

ភូមិអ៊ូរ៉ូហ្សែន (Urozhaine) ស្ថិតនៅក្នុងតំបន់ដូណេត គឺជាភូមិទីមួយហើយដែលទាហានអ៊ុយក្រែនវាយដណ្ដើមបានពីទាហានរុស្ស៉ី ចាប់តាំងពីថ្ងៃទី២៧ ខែកក្កដាមក។ ថ្លែងនៅលើសារមួយបង្ហោះលើ Telegram អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បានគូសបញ្ជាក់ដូច្នេះថា «ភូមិ អ៊ូរ៉ូហ្សែន (Urozhaine) ត្រូវបានរំដោះ...អ្នកការពារជាតិរបស់យើងកំពុងពង្រឹងតំបន់ឈរជើងនៅតាមជាយៗក្រុង»។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៉ី មិន ទាន់បានទទួលស្គាល់ពីការបាត់បង់ភូមិមួយនេះនៅឡើយទេ។

គួរបញ្ជាក់ថា ការវាយដណ្ដើមបានភូមិ អ៊ូរ៉ូហ្សែន (Urozhaine) ត្រូវបានគេមើលឃើញថាជាសញ្ញាមួយនៃភាពជឿនលឿនរបស់ទាហានអ៊ុយក្រែន ក្នុង ប្រតិបត្តិការវាយលុករបស់ពួកគេ ក្នុងទិសដៅវាយឆ្ពោះទៅភាគខាងត្បូងតម្រង់ទៅកាន់សមុទ្រ Azov។ ភូមិ អ៊ូរ៉ូហ្សែន មានចម្ងាយត្រឹមតែ៩០គីឡូម៉ែត្រ ពីសមុទ្រ Azov៕