(ហ្សឺណេវ)៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការអប់រំសកល បាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គួរតែកាត់ទោសមេដឹកនាំតាលីបង់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបដិសេធក្មេងស្រី និងស្ត្រីអាហ្វហ្គានីស្ថានពីការអប់រំ និងឱកាសការងារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃអង្គារ ក្នុងខួប២ឆ្នាំ នៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានរបស់ពួកតាលីបង់ លោក Gordon Brown បានប្រាប់សន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិថា មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែទទួលខុសត្រូវចំពោះ «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត និងមិនអាចប្រកែកបានចំពោះសិទ្ធិស្ត្រី និងកុមារីក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ»។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបាននិយាយទៀតថា លោកបានបញ្ជូនមតិផ្លូវច្បាប់ទៅកាន់ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan ដោយពន្យល់ថា ការបដិសេធចំពោះការអប់រំ និងឱកាសការងារគឺជា «ការរើសអើងយេនឌ័រ ដែលគួរតែត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយគួរតែត្រូវបានកាត់ទោសដោយ ICC»។

គួរបញ្ជាក់ថា ក្រុមតាលីបង់ដណ្តើមអំណាចបាន នៅខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយនៃការដកទ័ពអាមេរិក និងអង្គការណាតូ ពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពី ២០ឆ្នាំនៃសង្គ្រាម។ ដូចដែលពួកគេបានប្រព្រឹត្តិកំលុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០០១ ពួកតាលីបង់បានដាក់ចេញជាបណ្តើរៗនូវការបកស្រាយយ៉ាងតឹងរឹងនៃច្បាប់អ៊ីស្លាម ដោយហាមក្មេងស្រីមិនឱ្យចូលរៀនចាប់ពីថ្នាក់ទីប្រាំមួយ ក៏ដូចជាដាក់បំរាមមិនឱ្យស្ត្រីធ្វើការការងារជាច្រើន ហើយថ្មីៗនេះបានបិទទ្វារហាងថែរក្សាសម្រស់ជាដើម៕