(កៀវ)៖ នៅថ្ងៃពុធនេះ អ៊ុយក្រែនបាននិយាយថា កប៉ាល់ដឹកទំនិញដំបូងគេដែលត្រូវប្រើប្រាស់ច្រករបៀងថ្មី បានចាកចេញកំពង់ផែនៅភាគខាងត្បូងប្រទេសរបស់ខ្លួនហើយ បើទោះបីជារុស្ស៉ីបានគំរាមថា កងទ័ពជើងទឹករបស់ខ្លួនអាចនឹងកំណត់គោលដៅវាយប្រហារលើកប៉ាល់ទាំងឡាយ ដែលចាកចេញពីអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។
អ៊ុយក្រែនបានប្រកាសពីច្រករបៀងដែនសមុទ្រ សម្រាប់កប៉ាល់ដឹកជញ្ជូនស៉ីវិលកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៉ីបានដើរចេញពីកិច្ចព្រមព្រៀងមួយ ដែលកន្លងមកបានអនុញ្ញាត នូវការដឹកជញ្ជូនធញ្ញជាតិដោយសុវត្ថិភាពចេញពីកំពង់ផែអ៊ុយក្រែន ហើយបានគំរាមវាយប្រហារលើកប៉ាល់ដឹកទំនិញនានា ដែលឆ្លងកាត់សមុទ្រខ្មៅ។ ទីក្រុងកៀវបានស្នើច្រករបៀងនោះ នៅក្នុងបណ្តឹងរបស់ខ្លួន ដែលបញ្ជូនទៅកាន់អង្គការនាវាចរណ៍ផ្លូវសមុទ្រអន្តរជាតិ (IMO)។
រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក អូឡិចសាន់ដឺ គូប្រាកូវ (Oleksandr Kubrakov) បាននិយាយថា កប៉ាល់ខាងលើ ដែលមានចុះបញ្ជីនៅទីក្រុងហុងកុង កំពុងធ្វើដំណើរតាមច្រករបៀងបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងសម្រាប់ឱ្យកប៉ាល់ដឹកជញ្ជូនស៉ីវិលធ្វើដំណើរទៅ និងមកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។ កប៉ាល់នោះបានចាកចេញពីកំពង់ផែនៅទីក្រុង Odesa បន្ទាប់ពីវាបានជាប់នៅទីនោះ តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺមួយថ្ងៃមុនការឈ្លានពានរបស់រុស្ស៉ី។
បើតាមលោក គូប្រាកូវ ច្រករបៀងមនុស្សធម៌ខាងលើ នឹងត្រូវប្រើប្រាស់ជាចម្បង សម្រាប់ការជម្លៀសកប៉ាល់ដែលជាប់នៅកំពង់ផែរបស់អ៊ុយក្រែន ដូចជា Chornomorsk, Odesa និង Pivdenny នៅពេលរុស្ស៉ីចាប់ផ្តើមសង្រ្គាមឈ្លានពានរបស់ខ្លួន។ អ៊ុយក្រែនបានអះអាងថា ខ្លួននឹងផ្តល់តម្លាភាពយ៉ាងពេញលេញ ដើម្បីបង្ហាញឱ្យច្បាស់ថា កប៉ាល់ស៉ីវិលទាំងនោះ គឺមិនបម្រើគោលដៅយោធាណាមួយឡើយ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ទីក្រុងមូស្គូទើបតែបានប្រកាសថា នាវាចម្បាំងរបស់ខ្លួនបានបាញ់ព្រមានទៅលើ កប៉ាល់ដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកំពង់ផែ Izmail របស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ រុស្ស៉ីក៏បានបង្កើនការវាយប្រហារផងដែរមកលើ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងកន្លែងស្តុកធញ្ញជាតិ នៅតាមកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនវិញបានព្យាយាមវាយប្រហារលើ ក្រុមនាវាចម្បាំងរុស្ស៉ីនៅក្នុងតំបន់៕