(ប៉េកាំង)៖ «នាពេលបច្ចុប្បន្ននេះ សហគ្រាសរបស់ចិនពាក់ព័ន្ធនឹងកាហ្វេបានលើសពី ១៨ ម៉ឺនសហគ្រាស ។ ដោយឡែកទីផ្សារផលិតផលកាហ្វេនៅប្រទេសចិននឹងរក្សានិន្នាការកើនឡើងយ៉ាងខ្លាំងក្លានាពេលអនាគត" ។ វេបសាយនៃទីភ្នាក់ងារសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះ ដោយបានរាយការណ៍អំពីភាពរស់រវើកយ៉ាងខ្លាំងក្លា របស់ទីផ្សារផលិតផលកាហ្វេនៅប្រទេសចិន។

នេះគឺជាគំរូដ៏រស់រវើកមួយនៃទីផ្សារប្រើប្រាស់របស់ចិន ដែលបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ។ យោងតាមទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ ដោយរដ្ឋាភិបាលចិនកាលពីថ្ងៃទី ១៥ ខែសីហាបានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានបន្តស្តារឡើងវិញ ក្នុងនោះការប្រើប្រាស់ខាងសេវាកម្ម ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ រយៈពេល ៧ ខែដំបូងក្នុងឆ្នាំ ២០២៣ ទំហំលក់រាយទំនិញនៃវិស័យសេវាកម្មបានកើនឡើង ២០,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ អាស្រ័យលើការធ្វើទេសចរណ៍ក្នុងវិស្សមកាលធំ សកម្មភាពវប្បធម៌ កីឡា និងកម្សាន្ត បានជម្រុញឱ្យការប្រើប្រាស់ខាងសេវាកម្ម ពាក់ព័ន្ធកើនឡើងយ៉ាងឆាប់បង្គួរ ។ ព្រមពេលជាមួយគ្នានេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិន បានកើនឡើង ៧,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។

ការប្រើប្រាស់គឺជាក្បាលម៉ាស៊ីនគន្លឹះនៃកំណើនសេដ្ឋកិច្ច ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលខ្វះកម្លាំងស្តារឡើងវិញ ។ ទីផ្សារប្រើប្រាស់របស់ចិនបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ តើវានឹងនាំមកនូវឱកាសអ្វីខ្លះដល់ពិភពលោក ? គួររំលឹកថា នៅកាលពីមុន ទម្រង់នៃការប្រើប្រាស់របស់ចិន បានចាត់ទុកការប្រើប្រាស់ទំនិញជាចម្បង ប៉ុន្តែបច្ចុប្បន្ននេះ វាបានប្រែទៅជាទាំងការប្រើប្រាស់ខាងទំនិញ និងសេវាកម្មសុទ្ធតែជាចម្បងជាសន្សឹមៗ ។ ក្នុងចំណាយខាងការប្រើប្រាស់គិតជាមធ្យម សម្រាប់មនុស្សម្នាក់របស់ប្រជាជនចិន សមាមាត្រនៃការប្រើប្រាស់ខាងសេវាកម្មបានលើសពី ៤០ ភាគរយ ។ ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍនិងការលើកកម្ពស់ លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធរបស់ការប្រើប្រាស់បែបនេះ បានផ្តល់លំហអភិវឌ្ឍន៍ថ្មីដល់សហគ្រាសពហុជាតិ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ《សេចក្តីណែនាំស្តីពីការធ្វើឱ្យមានសុក្រឹតភាព នូវបរិយាកាសវិនិយោគសម្រាប់ពាណិជ្ជករបរទេស និងការបង្កើនកម្លាំងទាក់ទាញការវិនិយោគរបស់ពាណិជ្ជករបរទេស》ដែលតម្រូវឱ្យរៀបចំផែនការកាន់តែប្រសើរឡើងអំពីស្ថានការណ៍ទូទៅ ទាំងក្នុងស្រុកនិងអន្តរជាតិដើម្បីបង្កើតបរិយាកាសធុរកិច្ចលំដាប់ខ្ពស់ ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ពង្រីកយ៉ាងពេញលេញនូវឧត្តមភាពនៃទីផ្សារ ដែលមានទ្រង់ទ្រាយធំសម្បើមរបស់ប្រទេសចិន ក៏ដូចជាកៀរគរនិងប្រើប្រាស់ទុនវិនិយោគនៃពាណិជ្ជករបរទេស ឱ្យកាន់តែខ្លាំងក្លានិងកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការជំរុញការបើកចំហប្រកបដោយកម្រិតខ្ពស់ ចំពោះក្រៅប្រទេសនិងកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

ក្រៅពីនេះ ប្រសិនបើចង់ស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ នោះ ក៏ចាំបាច់ត្រូវផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាពល្អដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដែលមានភាពប្រសើរឡើងជាបន្តបន្ទាប់ ។ ដោយឡែកការផ្តល់ផលិតផលនិងសេវាកម្ម ប្រកបដោយគុណភាពល្អមុខជានឹងជំរុញកម្លាំងចលករ ច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើងៗជាក់ជាមិនខាន ។ ពេលថ្មីៗនេះ តាមការផ្សាយដំណឹងនៃវេបសាយកាសែត«Nihon Keizai Shimbun»របស់ជប៉ុនបានឱ្យដឹងថា នៅឆ្នាំ ២០២២ ថវិកាសរុបសម្រាប់សិក្សាស្រាវជ្រាវនៃក្រុមហ៊ុន ដែលចុះបញ្ជីក្នុងទីផ្សារមូលបត្ររបស់ចិនមានចំនួន ១៦៤១៩០០ លានយាន់ប្រាក់ចិន ដែលបានកើនឡើងប្រហែល ១,៦ ដងក្នុងរយៈពេល ៥ ឆ្នាំ។

បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពច្របូកច្របល់ ប៉ុន្តែគោលនយោបាយរបស់ប្រទេសចិន បាននិងកំពុងរក្សាស្ថិរភាពនិងនិរន្តរភាព គឺផ្តល់បរិយាកាសអភិវឌ្ឍន៍កាន់តែទុកចិត្តបានដល់ដើមទុនបរទេសនៅក្នុងប្រទេសចិន ។ សូមយកការប្រើប្រាស់ជាឧទាហរណ៍ ពីសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើកាលពីចុងឆ្នាំ ២០២២ បានសង្កត់ធ្ងន់ថា "ត្រូវតម្កល់ទុកការស្តារឡើងវិញ និងការពង្រីកការប្រើប្រាស់ជាអាទិភាព" ដល់ការដាក់ចេញនូវវិធានការមួយចំនួននៅឆ្នាំនេះ ដើម្បីជំរុញយ៉ាងពេញទំហឹងនូវការប្រើប្រាស់ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិនបាននាំមកនូវភាពប្រាកដប្រជាដល់ពិភពលោក ហើយប្រសិទ្ធភាពនៃគោលនយោបាយក៏បានលេចឡើងជាបន្តបន្ទាប់ផងដែរ។

នាពេលបច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិនៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹងដដែល ប៉ុន្តែប្រទេសចិនមិនដែលលាក់លាម នូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឡើយ ។ ទោះយ៉ាងនេះក្តី ក៏និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរ មិនបានកែប្រែដែរ ហើយវានៅតែមានភាពធន់និងសក្តានុពលយ៉ាងខ្លាំងក្លាដដែល៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន