(ប៉េកាំង)៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានចាប់ប្រកាសជាផ្លូវការដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣កន្លងមក ហើយដែលបានចូលរួមដោយក្រុមបណ្តាប្រទេសនានាជាច្រើនលើសលុប គឺជាការរំលឹកឡើងវិញជាប្រវត្តិសាស្រ្តផ្លូវសូត្របុរាណត្រូវបានបង្កើតឡើង កាលពីជាង២០០០ឆ្នាំមុន ដោយចាប់ប្រភពចេញពីក្រុងស៊ីអាន ប្រទេសចិនឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីបអ៊ីតាលីនាសម័យបុរាណដែលមានប្រវែងផ្លូវសរុប ៦៤៤០គីឡូម៉ែត្រដោយក្នុងស្មារតីជាផ្លូវសម្រាប់ ធ្វើទំនាក់ទំនងមិត្តភាពច្រើនជាងផ្លូវធ្វើពាណិជ្ជកម្ម។

នៅក្នុងដំណើរការនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិន និងប្រជាជនរបស់ប្រទេសដទៃទៀតនៅតាមបណ្តោយផ្លូវ ច្បាស់ណាស់ថាស្មារតីផ្លូវសូត្រដែលបង្ហាញពីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរួមបញ្ចូល ឬបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ បានកើតមានឡើង។ មនុស្សជាតិបាននិងកំពុងបន្តកេរ្តិ៍តំណែល និងបន្តឆ្ពោះទៅមុខនូវស្មារតីផ្លូវសូត្រ ដោយរួមបញ្ចូលការអភិវឌ្ឍរបស់ប្រទេសចិនជាមួយនឹង ការអភិវឌ្ឍប្រទេសដទៃទៀត ដែលបានចូលរួមនៅក្នុងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»នេះ ក៏ដូចជាក្តីសុបិនចិនជាមួយនឹងក្តីសុបិនរួមរបស់មនុស្សជាតិលើពិភពលោក។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមអស់រយៈពេល១ទសវត្សរ៍កន្លងមកបានឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងអស់រយៈពេលរាប់ពាន់ឆ្នាំ ផ្លូវសូត្របុរាណជាតំណាងឲ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ ហើយដែលស្មារតីផ្លូវសូត្របានក្លាយទៅជា បេតិកភណ្ឌដ៏អស្ចារ្យនៃអរិយធម៌របស់មនុស្សជាតិ។ តាមកំណត់ត្រាប្រវត្តិសាស្រ្តដែលជាអ្នកបង្ហាត់បង្ហាញមួយ ដ៏ល្អបំផុតរបស់មនុស្សជាតិបានគូសបញ្ជាក់ពី ភាពរុងរឿងរបស់ផ្លូវសូត្របុរាណដែលបានចេញដំណើរ ពីប្រទេសចិនដោយបានបង្ហាញថា ចម្ងាយភូមិសាស្រ្តមិនមែនជារឿងដែលមនុស្សជាតិមិនអាចយកឈ្នះបានទេ។ ប្រសិនបើមនុស្សជាតិនៃបណ្តាប្រទេសទាំងអស់ចូលរួម ឈានជំហានដ៏ក្លាហានមួយឆ្ពោះទៅរកគ្នាទៅវិញទៅមក នោះមនុស្សជាតិទាំងមូលនឹងអាចចាប់ផ្តើមដំណើរឆ្ពោះទៅរកមិត្តភាព ការអភិវឌ្ឍរួម សន្តិភាព ភាពសុខដុមរមនា និងអនាគតកាន់តែល្អប្រសើរក្រោមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលជាមាគ៌ាអស់រយៈពេល១ទសវត្សរ៍កន្លងមក ក្នុងការអនុញ្ញាតឲ្យប្រទេសទាំងអស់រួមគ្នា ក្នុងការអនុវត្តការបើកចំហគ្រប់ជ្រុងជ្រោយ គឺជាវេទិកាដ៏សំខាន់មួយដើម្បីលើកកម្ពស់ ការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះស្របតាមបច្ចុប្បន្នភាពនៃសម័យកាល។ ប្រទេសចិនដែលជាអ្នកផ្តួចផ្តើមគំនិតនេះតែងបានបង្កើន ការខិតខំប្រឹងប្រែងរបស់ខ្លួនដោយអនុវត្តពឹងផ្អែក លើបទពិសោធន៍ប្រវត្តិសាស្ត្រដ៏សំបូរបែបដើម្បីផ្តល់ នូវផលប្រយោជន៍ដល់មនុស្សជាតិនៃបណ្តាប្រទេសទាំងអស់ ដែលស្ថិតនៅតាមបណ្តោយផ្លូវសូត្រនេះយ៉ាងជាក់ច្បាស់ ជាក់ស្តែងគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣នេះ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២បានចុះហត្ថលេខា ជាមួយប្រទេសចិនលើឯកសារសហប្រតិបត្តិការចំនួនជាង ២០០ឯកសារស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។ ការណ៍នេះបង្ហាញជាខ្លឹមសារតក្កភាពថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺជាមាគ៌ាអភិវឌ្ឍ ប្រកបដោយមោទកភាពរបស់មនុស្សជាតិ ដោយលុបបំបាត់បានទាំងស្រុងនូវគំនិតបែបរវើរវាយ គ្មានការពិតរបស់បណ្តាប្រទេសមួយចំនួនតូច ដែលគិតខុសទាំងស្រុងថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺជាការបង្កើត «អន្ទាក់បំណុល» ឬជាការធ្វើអនុត្តរភាពក្នុងតំបន់។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមអស់រយៈពេល១ទសវត្សរ៍កន្លងមក ដោយប្រទេសចិននិងអនុញ្ញាតឲ្យប្រទេស ដែលបានចូលរួមទាំងអស់រួមគ្នាអនុវត្តយ៉ាងពេញទំហឹង ដោយប្រកាន់យកនូវវិធីសាស្រ្តសន្តិភាពពហុភាគីនិយម ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមរបស់ បណ្តាប្រទេសទាំងអស់និងប្រទេសចិន។ ជាក់ស្តែង យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា ការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង៤,១% រីឯការបណ្តាក់ទុនពីបរទេសកើនឡើង ៥% និងបានជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP)នៃប្រទេសមានចំណូលទាបកើនឡើង៣,៤% ស្របនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាមិនមានការស្ទាក់ស្ទើរជាមួយការគាំទ្រគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» ព្រោះគំនិតផ្តួចផ្តើមនេះទាក់ទិនជាមួយការអភិវឌ្ឍដោយមិនទុកប្រទេសណាមួយជាសត្រូវទេ ហើយក៏មិនរារាំងការអភិវឌ្ឍរបស់ ប្រទេសណាមួយនោះដែរ ប៉ុន្ដែផ្ទុយទៅវិញបានផ្ដល់នូវផលប្រយោជន៍សម្រាប់យើង។

ជារួម រយៈពេលអស់១ទសវត្សរ៍កន្លងមកនេះ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលមានឬសគល់ពីផ្លូវសូត្របុរាណរាប់ពាន់ឆ្នាំ បានបន្តស្មារតីរបស់ខ្លួនដោយបើកចំហយ៉ាងទូលំទូលាយ ផ្តល់ដល់បណ្តាប្រទេសទាំងអស់រួមគ្នា អាចក្លាយជាដៃគូនិងរួមគ្នាអនុវត្តតាមរយៈ កិច្ចពិភាក្សាពិគ្រោះយោបល់យ៉ាងទូលំទូលាយ ហើយគ្រប់គ្នាគួរតែទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។ បន្ថែមពីលើនេះ ពិភពលោកនឹងមិនមានអ្វីស្ទាក់ស្ទើរក្នុងកិច្ចការរួមសហការគ្នា បន្តជ្រោងទង់ដើម្បីបង្កើនល្បឿននៃការអនុវត្តគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»សម្រាប់រយៈពេលរាប់ទសវត្សរ៍បន្តទៀត ដើម្បីរក្សានូវអមតភាពនៃផលប្រយោជន៍មហិមា ជូនដល់មនុស្សជាតិ។

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន