(រីហ្កា)៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឡេតូនី បានបញ្ជាដល់កងទ័ពឲ្យពង្រឹងការការពារព្រំដែនរបស់ខ្លួនជាមួយបេឡារុស ចំពេលដែលមានការលើកឡើងពី «កត្តាគំរាមកំហែងចម្រុះ» ដូចជាសេចក្តីរាយការណ៍ប៉ុនប៉ងឆ្លងព្រំដែនចំនួន ៩៦លើកក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

ក្រុមមន្ត្រី បាននិយាយថា មន្ត្រីឆ្មាំព្រំដែនឡេតូនី ត្រូវបានកោះហៅពីថ្ងៃឈប់សម្រាករបស់ពួកគេ ដើម្បីឲ្យមកជួយក្នុងការល្បាត។ ឆ្មាំព្រំដែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឡេតូនី ទទួលបានព័ត៌មានអំពីការកើនឡើងនៃការគំរាមកំហែងចម្រុះដែលអាចកើតមាន ដោយកត់សម្គាល់ថា អាជ្ញាធរបេឡារុស កំពុងចាត់ចែងលើការរៀបចំលំហូរប្រជាជន ក្រោមរូបភាពភាគច្រើនជាអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ឆ្លងកាត់តាមព្រំដែនរបស់ឡេតូនី។

គួរបញ្ជាក់ថា ឡេតូនី ដែលមានព្រំប្រទល់ប្រវែងប្រហែល ១៧២គីឡូម៉ែត្រ ជាមួយបេឡារុសនោះ បានចោទប្រកាន់ប្រទេសជិតខាងមួយនេះ ថាមានចេតនានាំមនុស្សពីតំបន់ដែលរងគ្រោះដោយវិបត្តិសកល ទៅកាន់ព្រំដែនរបស់ខ្លួន៕