(ហ្សាការតា)៖ ប្រធានសភាជាន់ខ្ពស់របស់ប្រទេសឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃពុធនេះថា វាជារឿងសំខាន់សម្រាប់ឥណ្ឌូណេស៉ី ក្នុងការពិភាក្សាអំពីមធ្យោបាយ ដែលអាចពន្យារពេលបោះឆ្នោតនៅពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ សង្គ្រាម ឬជំងឺរាតត្បាត ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

បច្ចុប្បន្ន ឥណ្ឌូណេស៉ី មិនមានក្របខ័ណ្ឌច្បាស់លាស់ ដើម្បីពន្យារពេលបោះឆ្នោតនោះទេ ហើយក្រុមអ្នកនយោបាយមួយចំនួនបានអំពាវនាវ ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលអនាគត ដើម្បីអាចពន្យារពេលក្នុងស្ថានភាពអាសន្ន។

លោក បាំបាង សូអ៉ីសាត្យូ (Bambang Soesatyo) ប្រធានសភាជាន់ខ្ពស់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «តើយើងត្រូវរៀបចំការបោះឆ្នោតដោយរបៀបណា ក្នុងករណីដែលព្រឹត្តិការណ៍មិននឹកស្មានដល់កើតឡើង ដូចជាគ្រោះមហន្តរាយធម្មជាតិ សង្គ្រាម ការបះបោរ ឬជំងឺរាតត្បាត។ នេះជា​រឿង​សំខាន់​សម្រាប់​យើង ដែលត្រូវ​គិត​ និង​ពិភាក្សាជាមួយ​គ្នា»

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជាធិបតយ្យធំជាងគេទី៣របស់ពិភពលោក គ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤៕