(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់​ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការ​បង្កើតរដ្ឋាភិបាលថ្មី ហើយវាបើកផ្លូវដើម្បីឱ្យសភាថៃរៀបចំការបោះឆ្នោតថ្មីមួយទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលបើឆាប់បំផុតគឺអាច​ធ្វើឡើងក្នុងសប្តាហ៍នេះតែម្តង។

គិតតាំងពីពេលរំលាយសភា មកទល់នឹងពេលនេះ ប្រទេសថៃបានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល៥ខែហើយ ស្របពេលដែល Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល មិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន​ បន្ទាប់ពីមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានបដិសេធមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែក្រុមសមាជិករដ្ឋសភា​អភិរក្សនិយម និងសមាជិកព្រឹទ្ធសភា ដែលមានទំនាក់ទំនងជាមួយយោធា។

តុលាការធម្មនុញ្ញថៃ បាននិយាយថា ខ្លួនបានបដិសេធទទួលយកសំណុំរឿងខាងលើ គឺដោយសារវាត្រូវបានដាក់មក​ ដោយបុគ្គលមួយក្រុមមានគ្នា២០នាក់ ដែលមិនរួមមានបេក្ខជននាយករដ្ឋមន្រ្តី គឺលោក ភីថា ផ្ទាល់ឡើយ។ តុលាការបានបន្តថា សិទ្ធិរបស់ពួកគេគឺមិនត្រូវបាន​រំលោភបំពានទេ ដូច្នេះពួកគ្មានសិទ្ធិដាក់ពាក្យបណ្តឹងឡើយ ហើយតុលាការបានបន្ថែមថា ការសម្រេចចិត្តរបស់ខ្លួន ត្រូវបានធ្វើឡើងដោយសំឡេងជាឯកច្ឆន្ទ។

គួរបញ្ជាក់ថា ពាក្យបណ្តឹងខាងលើ ទាមទារចង់ឱ្យតុលាការធម្មនុញ្ញថៃ ផ្តល់សេចក្តីសម្រេចទៅលើភាពស្របច្បាប់ នៃការសម្រេចចិត្តកាលពី​ថ្ងៃទី១៩ ខែកក្កដា​ ដោយក្រុមតំណាងរាស្រ្តថៃ ដែលបានរារាំងមិនឱ្យលោក ភីថា អាចត្រូវជ្រើសតាំងជាលើកទី២ សម្រាប់ការបោះឆ្នោត​ក្នុងសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី បន្ទាប់ពីការបរាជ័យលើកទី១របស់លោក នៅមួយសប្តាហ៍មុននោះ។ បន្ទាប់ពីតុលាការធម្មនុញ្ញ បានបដិសេធសំណុំរឿងរបស់ Move Forward រួចរាល់ហើយបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងកំណត់កាលបរិច្ឆេទថ្មីដើម្បីបោះឆ្នោត​រើសនាយករដ្ឋមន្រ្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលគណបក្ស ​ភឿថៃ (Pheu Thai) ដែលជាបក្សជាប់ចំណាត់ថ្នាក់លេខទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា នឹងជាអ្នកដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយ​ជ្រើសតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី៕