(វ៉ាសូវី)៖ ក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតមួយរបស់ប៉ូឡូញ បានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាសូវី កាលពីថ្ងៃអង្គាសប្តាហ៍នេះ នៅមុនការបោះឆ្នោតខែតុលាមកដល់ និងខណៈប្រទេសជាសមាជិកអង្គការណាតូនាំគ្នាសម្ញែងសាច់ដុំយោធារបស់ខ្លួន ដើម្បីជាសារមួយផ្ញើទៅកាន់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។
ព្យុហយាត្រាយោធានេះធ្វើឡើងក្នុងឱកាសខួបលើកទី១០៣នៃទិវាជ័យជម្នះរបស់ប៉ូឡូញលើសហភាពសូវៀត ក្នុងសមរភូមិទីក្រុងវ៉ាសូវី ដោយទាហានចំនួន ២,០០០នាក់ មកពីប៉ូឡូញ និងបណ្តាប្រទេសណាតូផ្សេងទៀត បានដើរដង្ហែរក្នុងរដ្ឋធានី អមដោយសម្ភារយោធាចំនួន ២០០មុខនិងយន្តហោះចំនួន ៩២គ្រឿង។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាហ្សាក់ (Mariusz Blaszczak) បានប្រាប់កងទ័ព និងអ្នកចូលរួមព្រឹត្តិការណ៍នោះថា «ថ្ងៃទី១៥ ខែសីហា មិនត្រឹមតែជា ឱកាសមួយដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរបុរសនៃសមរភូមិវ៉ាសូវី ដែលនាំមកនូវជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែនិងដើម្បីថ្លែងអំណរគុណដល់ទាហានសហសម័យសម្រាប់ ការការពារមាតុភូមិរបស់យើង។ វាក៏ជាថ្ងៃដ៏ល្អមួយដើម្បីបង្ហាញពីភាពខ្លាំងរបស់យើងថា យើងបានកសាងកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល ដែលនឹងការពារព្រំដែន ប្រកបដោយប្រសិទ្ធភាព»។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានធ្វើឲ្យការជំរុញកងកម្លាំងប្រដាប់អាវុធ ក្លាយជាទិសដៅអាទិភាពរបស់គណបក្ស PiS ជាបក្សកាន់អំណាច របស់ប៉ូឡូញ ខណៈដែលយុទ្ធនាការបោះឆ្នោតកាន់ខិតជិតមកដល់៕