(កៀវ)៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ភាគអាគ្នេយ៍នៃតំបន់ Zaporizhzhia និងបានជួបកងទ័ពដែលកំពុងឈរជើងទប់ទល់នឹងការវាយលុករបស់រុស្ស៉ីពីភាគខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ជួបទាហានជាន់ខ្ពស់អ៊ុយក្រែន ពិនិត្យមើលផែនទីសមរភូមិ ក្នុងទីបញ្ជាជួរមុខនៃកងពលតូចទ័ពអាកាសទី៤៦ ក្បែរទីក្រុងអូរីខីវ (Orikhiv)។

សេចក្តីថ្លែងការណ៍ពីការិយាល័យ លោក ហ្សេលេនស្គីបានគូសបញ្ជាក់ថា «លោកប្រធានាធិបតីបានស្តាប់របាយការណ៍របស់មេបញ្ជាការ ស្តីពីដំណើរការប្រយុទ្ធនៅក្នុង តំបន់ជួរមុខ... និងបានពិភាក្សាអំពីបញ្ហាប្រឈមបំផុតនៃអង្គភាពរបស់ពួកគេ។ ចំណែក យោធាបានសង្កត់ធ្ងន់លើតម្រូវការប្រព័ន្ធការពារដែនអាកាស និងយន្តហោះដ្រូន បន្ថែមសម្រាប់ប្រតិបត្តិការវាយបក»

គួរបញ្ជាក់ថា អ៊ុយក្រែន ចាប់ផ្តើមប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ីនៅភាគខាងត្បូង និងភាគអាគ្នេយ៍ កាលពីដើមខែមិថុនា ដោយសង្ឃឹមថានឹងអាចរារាំង កងកម្លាំងរុស្ស៉ីបានខ្លះពីការឆ្ពោះទៅភាគខាងត្បូងតាមសមុទ្រអាហ្សូវ (Azov)។ ជាង ២ខែមកនេះ អ៊ុយក្រែន ដណ្តើមបានមកវិញនូវភូមិជាច្រើន ប៉ុន្តែទទួលស្គាល់ថា វឌ្ឍនភាពរបស់ខ្លួនមានភាពយឺតយ៉ាវជាងការចង់បាន ដោយសារតែការត្រៀមលក្ខណៈការពាររបស់រុស្ស៉ី និងការខ្វះខាតអាវុធ៕