(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានចេញការព្រមាននៅថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សជាង ១លាននាក់បានភៀសខ្លួនចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាង ហើយប្រជាជនរស់នៅក្នុងប្រទេសកំពុងអស់អាហារ និងស្លាប់ដោយសារតែខ្វះការថែទាំសុខភាព ក្រោយសង្គ្រាមដណ្តើមអំណាចអូសបន្លាយពេល ៤ខែមកនេះ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានកត់សម្គាល់ក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «ពេលវេលាជិតអស់ហើយ សម្រាប់កសិករក្នុងការដាំដំណាំសម្រាប់ចិញ្ចឹមពួកគេ និងអ្នកជិតខាងរបស់ពួកគេ។ រីឯការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក៏កំពុងខ្វះខាតដែរ»

ដោយលើកឡើងពីការស៊ូទ្រាំលំបាករបស់ពលរដ្ឋ លោក ម៉ាលីក អាហ្គា (Malik Agar) អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់ បាននិយាយក្នុងលក្ខខណ្ឌនៃការបន្ទន់ គោលជំហររបស់កងទ័ពថា «នៅថ្ងៃចុងក្រោយ សង្គ្រាមនឹងត្រូវបញ្ចប់នៅតុចរចា»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានរប៉ារ៉ា (RSF) បានបំផ្លិចបំផ្លាញរដ្ឋធានីខាទុំ (Khartoum) និងហានិភ័យនៃការវាយប្រហារពីសំណាក់ ជនជាតិភាគតិចនៅទីក្រុងដាហ្វួរ (Darfur) ដែលអាចធ្វើឲ្យស៊ូដង់ធ្លាក់ចូលទៅក្នុងសង្រ្គាមស៉ីវិលដ៏រ៉ាំរ៉ៃ ក៏ដូចជាមានអស្ថិរភាពនៅក្នុងតំបន់។ សង្រ្គាមបានបណ្តាលឲ្យ មនុស្ស ១,០១៧,៤៤៩នាក់ឆ្លងដែនពីស៊ូដង់ទៅកាន់ប្រទេសជិតខាង ហើយភាគច្រើនកំពុងតស៊ូនឹងផលប៉ះពាល់នៃសង្រ្គាម ឬវិបត្តិសេដ្ឋកិច្ច៕