(វ៉ាស៊ីនតោន)៖ របបសឹកនៅក្នុងប្រទេសនីហ្សេ នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួនបើកចំហចំពោះកិច្ចចរចា ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយការធ្វើ រដ្ឋប្រហារយោធាកាលពីខែកក្កដាកន្លងទៅ ខណៈរុស្ស៉ី និងសហរដ្ឋអាមេរិកអំពាវនាវឱ្យមានដំណោះស្រាយតាមផ្លូវការទូតដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

បណ្ដាប្រទេសលោកខាងលិច និងប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិចដទៃទៀតបានអំពាវនាវឱ្យមេដឹកនាំរដ្ឋប្រហារប្រគល់អំណាចទៅឱ្យប្រធានាធិបតីនីហ្សេ លោក មហំាម៉ាត់ បាហ្សូម (Mohamed Bazoum) វិញ ស្របពេលលោក បាហ្សូមកំពុងជាប់ឃុំចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដាមក។ ប៉ុន្តែមេដឹកនាំ យោធានីហ្សេបានបដិសេធ ហើយថែមទាំងសន្យាកាត់ទោសលោក បាហ្សូមទៀតផង។

មេដឹកនាំអាហ្វ្រិកខាងលិចគ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងប្រទេសហ្កាណា ដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការធ្វើ អន្តរាគមន៍យោធាណាមួយ ដែលក្រុមប្រទេសជាសមាជិកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ឬហៅកាត់ថា ECOWAS បានសម្លុតគំរាមធ្វើអន្តរាគមន៍ ប្រសិនបើការដោះស្រាយតាមផ្លូវការទូតបរាជ័យ។

ប៉ុន្តែការធ្វើអន្តរាគមន៍យោធា អាចនឹងធ្វើឱ្យតំបន់សាហែលទាំងមូលធ្លាក់ចូលក្នុងភាពចលាចល និងអស្ថិរភាព។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏ធ្លាប់បានប្រកាស ដែរពីការគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយថានីហ្សេជាសម្ព័ន្ធមិត្តមួយដែលសហរដ្ឋអាមេរិកមិនចង់បាត់បង់។ មិនតែប៉ុណ្ណោះ នៅក្នុងជំនួបជាមួយ ប្រធានាធិបតីស្ដីទីនៃប្រទេសម៉ាលី លោក អាសស៊ីមី ហ្គ័រតា (Assimi Goita) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏បានសង្កតធ្ងន់ ផងដែរពីសារៈសំខាន់នៃដំណោះស្រាយការទូតដោយសន្តិវិធី ដើម្បីស្ថិរភាពក្នុងតំបន់សាហែល។

តែទោះជាបែបនេះក្ដី ក្រុមប្រទេសលោកខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនៃឥទ្ធិពលរបស់រុស្ស៉ី ក្នុងតំបន់សាហែល នៃអាហ្វ្រិកខាងលិច៕