​(សេអ៊ូល)៖ អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ មានភារកិច្ច ត្រួតពិនិត្យគោលនយោបាយរបស់កូរ៉េខាងជើង ចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង អ្នកនាង គីម ត្រូវបានគេជឿថាមានអាយុ ៣៥ឆ្នាំ និងជាមនុស្សអំណាចធំទី២ បន្ទាប់ពីលោក គីម ជុងអ៊ុន។

អ្នកនាង គីម ចាប់ផ្ដើមមានឈ្មោះបោះសំឡេងខ្លាំង កាលពីប៉ុន្មានឆ្នាំកន្លងទៅ តាមរយៈការបង្ហាញវត្តមាននៅឯជំនួបទល់មុខទាំង៣លើករវាង អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងនាមជាមនុស្សដ៏គួរឱ្យទុកចិត្តបំផុត និងជាទីប្រឹក្សារបស់បងប្រុស។ ក្នុងខែកញ្ញា ឆ្នាំ២០២១ អ្នកនាង គីម ត្រូវបានដំឡើងតំណែងជាសមាជិកគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នទទួលខុសត្រូវលើការសម្រេចចិត្ត នានារបស់កូរ៉េខាងជើង។

* តើអ្នកនាង គីម យ៉ូជុង ជានរណា?

ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់អ្នកនាង គីម យ៉ូជុង មិនត្រូវបានបញ្ជាក់ឱ្យច្បាស់នោះទេ ដោយគ្រាន់តែគេដឹងដោយផ្អែកលើទិន្នន័យរបស់ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងថាអ្នកនាង គីម កើតនៅឆ្នាំ១៩៨៨ ក្នុងរដ្ឋធានីព្យុងយ៉ាង។​ អ្នកនាង គីម គឺជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន និងជាកូនស្រីពៅផ្លូវការរបស់លោក គីម ជុងអ៉ីល (Kim Jong Il) ដែលដឹកនាំកូរ៉េខាងជើងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១១ និងមានកូនជាមួយប្រពន្ធ ជាច្រើននាក់។

នៅឆ្នាំដំបូងៗ អ្នកនាង គីម គ្រាន់តែជាមនុស្សម្នាក់ដែលមិនសូវមានអ្នកស្គាល់តែប៉ុណ្ណោះ។ ប៉ុន្តែ អ្វីៗបានប្រែប្រួលក្នុងឆ្នាំ២០០៩ នៅពេលដែលមាន ពាក្យចចាមអារ៉ាមថាលោក គីម ជុងអ៊ុនត្រូវបានតែងតាំងជាអ្នកស្នងតំណែងជាមេដឹកនាំកូរ៉េខាងជើង ក្រោយឪពុកគឺលោក គីម ជុងអ៉ីល មានជំងឺដាច់ សសៃឈាមខួរក្បាល។ ក្នុងឆ្នាំដដែលនោះដែរ រូបថតមួយសន្លឹកចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញពីរូបថតស្ត្រីម្នាក់ដែល គេជឿថាជាអ្នកនាង គីម រួមជាមួយលោក គីម ជុងអ៊ុន និងបងប្រុសធំឈ្មោះ គីម ជុង ចុល (Kim Jong Chol)។ អ្នកនាង គីម ក៏ធ្លាប់លេចមុខនៅលើ សារព័ត៌មានធំៗផងដែរក្នុងឆ្នាំ២០១១ នៅពេលអ្នកនាង បានចូលរួមក្នុងការប្រគំតន្ត្រីមួយក្នុងប្រទេសសិង្ហបុរី ជាមួយលោក គីម ជុង ចុល។

ចំណែក ស្ថានភាពគ្រួសាររបស់អ្នកនាង គីម ក៏មិនត្រូវបានគេដឹងច្បាស់នោះដែរ។ សារព័ត៌មានមួយចំនួននៅកូរ៉េខាងត្បូង បានរាយការណ៍ថាអ្នកនាង គីម ប្រហែលជាបានរៀបការជាមួយកូនប្រុសរបស់លោក ឆូ យ៉ុង ហេ (Choe Ryong Hae) ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង និងជាអនុប្រធានរបស់ លោក គីម ជុងអ៊ុន នៅក្នុងគណៈកម្មការកិច្ចការរដ្ឋ។ អ្នកនាង គីម មិនដែលបង្ហាញមុខស្វាមីនៅលើក្របទំព័រមុខនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ឡើយ។ អ្នកនាង គីម ចាប់ផ្ដើមមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៨។ នៅឆ្នាំ២០២០ នៅពេលមានពាក្យចចាមអារ៉ាមថាបងប្រុសរបស់អ្នកនាង ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្រុមអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើងបានលើកឡើងថាអ្នកនាង គីម យ៉ូជុង គឺជាមនុស្សម្នាក់ដែលអាចស្នងតំណែងភ្លាមៗ ឬបន្ទាន់ពីលោក គីម ជុងអ៊ុន នៅក្នុងករណីបងប្រុសរបស់អ្នកនាងស្លាប់ភ្លាមៗ ឬអសមត្ថភាពក្នុងការបំពេញភារកិច្ចដឹកនាំប្រទេស ដោយប្រការណាមួយ។ ដ្បិតអ្នកនាង គីម មានដំណក់ឈាមចេញពីភ្នំ Paektu ជាភ្នំដ៏ពិសិដ្ឋមួយនៅកូរ៉េខាងជើង និងដោយសារតែមានឈាមជ័រដោយផ្ទាល់របស់លោក គីម អ៉ីលស៊ុង ដែលជាបិតា ស្ថាបនិកកូរ៉េខាងជើង។

* តើអ្នកនាង គីម មានតួនាទីនយោបាយអ្វីនៅកូរ៉េខាងជើង?

អ្នកនាង គីម បានកាន់តំណែងផ្លូវការមួយនៅក្នុងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចាប់តាំងពីឆ្នាំ២០១៤ និងបម្រើការនៅក្នុងសភាជាតិកូរ៉េខាងជើង។ នេះបើ តាមរដ្ឋាភិបាលកូរ៉េខាងត្បូង។ អ្នកនាង គីម ក៏មានតួនាទីនៅក្នុងគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េខាងជើងផងដែរដែលជាស្ថាប័នប្រតិបត្តិ របស់គណបក្ស។ ក្នុងឆ្នាំ២០១៨ អ្នកនាង គីម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ នៅពេលអ្នកនាងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ក្នុងនាមជាបេសកជនពិសេសរបស់បងប្រុស ដើម្បីពិភាក្សាថាតើកូរ៉េខាងជើងអាចចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារៀបចំឡើង ក្នុងទីក្រុង Pyeongchang នៅឆ្នាំដដែលនោះយ៉ាងដូចម្ដេច? ក្រោយមកទៀត អ្នកនាង គីម បានបង្ហាញខ្លួននៅឯពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡានេះដោយ អង្គុយនៅក្បែរអតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលធ្វើឱ្យអ្នកនាងក្លាយជាសមាជិកគ្រួសារត្រកូលគីមដំបូងគេបំផុត ដែលធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង។

ចាប់តាំងពីពេលនោះមក អ្នកនាង គីម បានបង្ហាញខ្លួននៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ តាមរយៈការចូលរួមក្នុងជំនួបទល់មុខទាំង ៣លើករវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរី វៀតណាម និងនៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ក្នុងនាមជាទីប្រឹក្សាគួរឱ្យទុកចិត្តបំផុតម្នាក់ របស់លោក គីម។ រហូតដល់ខែមីនា ឆ្នាំ២០២០ ឈ្មោះរបស់អ្នកនាង គីម មាននៅលើសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលកូរ៉េខាងជើង ជាលើកដំបូង។ សេចក្ដីថ្លែងការណ៍នេះបានរិះគន់បកទៅកាន់កូរ៉េខាងត្បូងវិញ បន្ទាប់ពីទីក្រុងសេអ៊ូលរិះគន់ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងជើង នៅពេលនោះ ហើយចាប់តាំងពីពេលនោះមកដែរ អ្នកនាង គីម បានក្លាយជាមនុស្សម្នាក់ដែលចេញមុខនិយាយជាសាធារណៈ និងព្រមានចំៗចំពោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

* តើអ្នកនាង គីម ជាអ្នកស្នងតំណែងបន្ទាប់ពីលោក គីម ជុងអ៊ុន ឬ?

ជាក់ស្ដែង មិនមាននរណាដឹងជាសាធារណៈពីច្បាប់ដែលគូសបញ្ជាក់ពីការជ្រើសរើស ឬការតែងតាំងអ្នកបន្តវេនរបស់កូរ៉េខាងជើងនោះទេ។ ប៉ុន្តែ ការផ្ទេរ អំណាច និងការស្នងតំណែង២ជំនាន់មកនេះនៃគ្រួសារត្រូកូលគីមចាប់តាំងពីឆ្នាំ១៩៤៨មក គឺមេដឹកនាំកំពុងកាន់អំណាចជាអ្នកជ្រើសរើសកូនប្រុស ពេញវ័យម្នាក់ឱ្យស្នងតំណែង នៅពេលដែលខ្លួនទទួលមរណភាព។

ក្រុមអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើង ជឿថាអ្នកនាង គីម អាចស្នងតំណែងបណ្ដោះអាសន្ន ក្នុងករណីដែលលោក គីម ជុងអ៊ុនទទួលមរណភាពភ្លាមៗ ឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ កាលពីខែមេសា ឆ្នាំ២០២០ ខណៈមានពាក្យចចាមអារ៉ាមជាច្រើនថាលោក គីម ជុងអ៊ុន បានស្លាប់ ឬអសមត្ថភាពបំពេញភារកិច្ច ដឹកនាំប្រទេស អ្នកនាង គីម យ៉ូជុង ត្រូវបានគេមើលឃើញថាជាមនុស្សម្នាក់គត់ដែលអាចអង្គុយកៅអីរបស់លោក គីម។ នេះក៏ដោយសារតែអ្នកនាង មាន ឈាមជ័រគ្រួសារត្រកូលគីម ហើយកូនៗរបស់លោក គីម ជុងអ៊ុន សុទ្ធតែនៅវ័យក្មេងមានអាយុក្រោម១៨ឆ្នាំ និងដោយសារតែសមាជិកប្រុសៗដទៃទៀត នៃគ្រួសារត្រកូល គីម ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ។ ក្នុងខែសីហា ឆ្នាំដដែល ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានចាត់ទុកអ្នកនាង គីម ជាមនុស្សមានអំណាចធំទី២ នៅកូរ៉េខាងជើងបន្ទាប់ពីលោក គីម ជុងអ៊ុន បើទោះជាអ្នកនាងប្រហែលជានឹងមិនត្រូវបានតែងតាំងជាអ្នកស្នងតំណែង ផ្លូវការក៏ដោយ។

* តើអ្នកនាង គីម និងលោក គីម មានទំនាក់ទំនងប្រភេទណា?

អ្នកនាង គីម យ៉ូជុង ត្រូវបានគេជឿថាជាទីប្រឹក្សាតែម្នាក់គត់ដែលលោក គីម ជុងអ៊ុនជឿទុកចិត្តបំផុត ដោយសារតែអ្នកទាំង២ មានឈាមជ័រជាបងប្អូន បង្កើតនឹងគ្នា និងភាពស្មោះត្រង់របស់អ្នកនាង គីម។ អ្នកនាង គីម តែងតែបង្ហាញខ្លួនជាញឹកញាប់ ដើម្បីធ្វើឱ្យបងប្រុសរបស់ខ្លួនមានភាពលេចធ្លោរ ជាជាង ដណ្ដើមមុខមាត់ពីបងប្រុស ឬប្រជែងយកអំណាច។ អ្នកនាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បង្ហាញពីសកម្មភាពអមដំណើរបងប្រុស អំឡុង ការធ្វើទស្សនកិច្ចទៅកាន់រោងចក្រ ស្រែចម្ការ និងការិយាល័យរដ្ឋាភិបាល ក្នុងនាមជាប្រឹក្សាម្នាក់កាន់សៀវភៅកត់ត្រានៅក្នុងដៃ ដែលរង់ចាំផ្ដល់យោបល់ និងជំនួយភ្លាមៗ។

អ្នកនាង គីម ធ្លាប់ត្រូវបានគេរាយការណ៍ថាត្រូវបានទម្លាក់តំណែង បន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ រវាងលោក ត្រាំ និងលោក គីម កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ។ ប៉ុន្តែ អ្នកនាងត្រូវបានបញ្ចូលជាសមាជិកការិយាល័យនយោបាយឡើងវិញ និងបានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនជាមួយ លោក គីម ជុងអ៊ុន ក្នុងនោះរួមមានទាំងព្រឹត្តិការណ៍មួយកាលពីខែឧសភា ឆ្នាំ២០២០ នៅពេលដែលលោក គីម បង្ហាញមុខជាសាធារណៈឡើងវិញនៅឯ ពិធីបើកសម្ពោធរោងចក្រមួយ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាលោកប្រហែលជាបានស្លាប់បាត់ទៅហើយ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ អ្នកនាង គីម ត្រូវបាន គេថតជាប់កំពុងសម្រក់ទឹកភ្នែក ក្នុងពេលអបអរសាទរដល់ការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឈ្មោះ Hwasong-17 ហើយនៅឯ ព្រឹត្តិការណ៍នេះដែរ លោក គីម ជុងអ៊ុន បានកាន់ដៃប្អូនស្រី និងកូនស្រីសំណព្វរបស់លោក។

ទំនាក់ទំនងរវាងលោក អ្នកនាង គីម និងលោក គីម ត្រូវបានប្រដូចទៅនឹងទំនាក់ទំនងរវាងឪពុករបស់អ្នកទាំង២ គឺលោក គីម ជុងអ៊ីល និងប្អូនស្រីរបស់លោក គឺលោកស្រី គីម យ៉ុងហ៊ុយ​ (Kim Kyong Hui)។ លោក គីម ជុងអ៊ីល និងលោកស្រី គីម យ៉ុងហ៊ុយ មានអតីតកាលឈឺចាប់រួមគ្នា ពោលម្ដាយរបស់អ្នកទាំង ២ បានស្លាប់ក្នុងពេលសម្រាកកូន នៅពេលអ្នកទាំង២នៅតូច ហើយបងប្អូនប្រុសម្នាក់ទៀតបានលង់ទឹកស្លាប់។ លោកស្រី គីម យ៉ុងហ៊ុយ បានជួយដល់ ការដឹកនាំរបស់លោក គីម ជុងអ៊ីល តាមរយៈការត្រួតពិនិត្យផ្នែកជាច្រើននៃសេដ្ឋកិច្ចកូរ៉េខាងជើង ក្នុងនាមជាទីប្រឹក្សាម្នាក់។ ប៉ុន្តែ ម្ដាយមីងរបស់លោក គីម ជុងអ៊ុនរូបនេះ បានបាត់មុខចេញពីទីសាធារណៈ ក្រោយលោក គីម ជុងអ៊ុនឡើងកាន់អំណាច ស្របពេលប្ដីរបស់លោកស្រី គឺលោក ចាង សុងតេក (Jang Song Thaek) ត្រូវបានគេជឿថាត្រូវបានប្រហារជីវិតកាលពីឆ្នាំ២០១៣។ លោកស្រី គីម យ៉ុងហ៊ុយ បានបង្ហាញខ្លួនថ្មីចុងក្រោយបំផុត កាលពីខែមករា ឆ្នាំ២០២០ ដោយចូលរួមទស្សនាការប្រគំតន្ត្រីមួយក្នុងទីក្រុងព្យុងយ៉ាង ជាមួយលោក គីម ជុងអ៊ុន។

* តើប្រជាជនកូរ៉េខាងជើង យល់ឃើញបែបណាចំពោះអ្នកនាង គីម?

ជាការពិតណាស់ វាពិតជាមិនអាចទៅរួចឡើយ ដើម្បីចង់ដឹងច្បាស់ពីការយល់ឃើញរបស់ប្រជាជនកូរ៉េខាងជើងចំពោះអ្នកនាង គីម យ៉ូជុង ខណៈនៅ កូរ៉េខាងជើង អ្នកដែលហ៊ានរិះគន់លើរបបដឹកនាំរបស់គ្រួសារត្រកូលគីម អាចនឹងត្រូវបញ្ជូនឱ្យទៅជួបយមរាជ។ ប៉ុន្តែជាទូទៅ ប្រជាជនកូរ៉េខាងជើងប្រហែលជា មានអារម្មណ៍ថាចម្លែកដែលស្ត្រីវ័យក្មេងម្នាក់ដូចជាអ្នកនាង គីម បែរជាអាចកាន់តំណែងកំពូលនៅក្នុងជួររដ្ឋាភិបាលដែលភាគច្រើនលើសលប់សុទ្ធតែជាបុរស ចាស់ៗដែលអាចកាន់តំណែងកំពូលៗនេះ។

ដោយសារតែទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន អ្នកនាង គីម អាចទាមទារឱ្យមានការគោរពចំពោះអ្នកនាង ពីក្រុមឥស្សរជនកូរ៉េខាងជើង ដែលភាគច្រើនរស់នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ ជាឧទាហរណ៍ ក្នុងឆ្នាំ២០១៨ លោក គីម យ៉ុងណាំ (Kim Yong Nam) មានអាយុ៨៩ឆ្នាំ ជាអតីតប្រមុខរដ្ឋមានតែឈ្មោះ និងជាប្រធានសភាកូរ៉េខាងជើង បានឱនគោរពអ្នកនាង គីម ក្នុងពេលអ្នកទាំង២ ដឹកនាំគណៈប្រតិភូ កូរ៉េខាងជើង ធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង៕