(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានទទួលស្គាល់ជាផ្លូវការលើកដំបូងថាទាហានអាមេរិកម្នាក់ឈ្មោះ Travis King ពិតជាបានឆ្លងដែនចូលក្នុង ទឹកដីរបស់ខ្លួនពិតមែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាទាហានឈ្មោះ Travis King បានបង្ហាញពីបំណង របស់ខ្លួន ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងជើង ឬប្រទេសទី៣ ដោយសារតែរូបគេមានអារម្មណ៍មិនល្អពីការរំលោភបំពានយ៉ាង អមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរយោធាអាមេរិក។ KCNA បន្ថែមថាទាហានអាមេរិករូបនេះក៏បានទទួលស្គាល់ដែរថាខ្លួនពិតជាបាន ឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីកូរ៉េខាងជើង ហើយថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

ប៉ុន្តែ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាសហរដ្ឋអាមេរិកមិនទាន់អាចផ្ទៀងផ្ទាត់ចម្លើយសារភាពរបស់ទាហាន Travis King បាននៅឡើយទេ ខណៈកំពុងផ្ដោតលើការធ្វើយ៉ាងណា ធានាឱ្យបានថារូបគេអាចត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ទាហានអាមេរិកឈ្មោះ Travis King បានរត់ឆ្លងដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ អំឡុងចូលរួមក្នុង ដំណើរកម្សាន្តមួយទៅកាន់តំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ៕