(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចកាលពីថ្ងៃអង្គារថា បានបង្កឲ្យមានវិបត្តិនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក និងបានកេងប្រវ័ញ្ចអង្គការភេវរកម្មអន្តរជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសិទទីក្រុងម៉ូស្គូស្តី ពីសន្តិសុខអន្តរជាតិ (MCIS) លោក Lavrov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបំផ្លាញសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ តាមរយៈការគាំទ្ររបស់ខ្លួនសម្រាប់កងកម្លាំងអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។

លោកបាននិយាយថា ការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូនៅក្នុងទ្វីបអឺរ៉ុប គឺផ្ទុយនឹងកិច្ចព្រមព្រៀងស្តីពីសន្តិសុខនៃទ្វីប ហើយបាននិយាយថា ជំហររបស់លោកខាងលិចលើជម្លោះអ៊ុយក្រែន «ធ្វើឱ្យខូចដល់ច្បាប់អន្តរជាតិ និងស្ថិរភាពក្នុងគ្រប់វិស័យ»

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ឱ្យងាកទៅវាយប្រហារលើប្រទេសរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន និងបានចោទប្រកាន់លោកខាងលិចអំពីការលាក់ពុតជុំវិញរដ្ឋប្រហារនៅនីហ្សេ។

លោកបានប្រាប់សន្និសីទដូច្នេះថា «លោកខាងលិចបានគាំទ្ររដ្ឋប្រហារនៅអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ប៉ុន្តែឥឡូវនេះប្រឆាំងនឹងរដ្ឋប្រហារនៅនីហ្សេ»

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បញ្ឈប់ការប្រើប្រាស់អង្គការភេវកម្មដូចជា អង្គការ ISIS និងអាល់កៃដាជាដើម សម្រាប់គោលបំណងភូមិសាស្ត្រនយោបាយ មិនថានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី ឬកន្លែងណាផ្សេងទៀតនោះទេ។

ថ្លែងនៅក្នុងសន្និសីទដដែលនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា សមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនគឺ «ស្ទើរតែអស់ខ្សល់»។ លោកបានបន្ថែមថា ជម្លោះបានលាតត្រដាងភាពទន់ខ្សោយនៃប្រព័ន្ធសព្វាវុធរបស់លោកខាងលិច ដែលទីក្រុងម៉ូស្គូនឹងចែករំលែកក្នុងពេលឆាប់ៗនេះ៕