(រ៉ង់ហ្គូន)៖ ក្រុមអ្នកជួយសង្គ្រោះនិងអ្នកកាសែតក្នុងស្រុកម្នាក់ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន ២២នាក់នៅក្បែរអណ្តូងរ៉ែត្បូង Jade ស្ថិតភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការរអិលបាក់ដីដ៏ធំមួយបានកើតឡើងកាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក Tar Lin Maung អ្នកកាសែតក្នុងស្រុកបានប្រកាសថា មនុស្ស ៤២នាក់បានបាត់ខ្លួន ដែលភាគច្រើនជាកម្មករជីករ៉ែ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យនៅទីក្រុង Hpakant រដ្ឋ Kachin ជាកន្លែងដែលគំនរដីដ៏ធំដែលបានជីកកកាយ និងកម្ទេចថ្មបានដួលរលំអូសមនុស្សចូលទៅក្នុងបឹងក្បែរនោះ។

មនុស្សជាង ១០០នាក់ ដែលភាគច្រើននៅលើទូកបានចូលរួម ក្នុងការស្វែងរកជនរងគ្រោះ។ អ្នកជួយសង្គ្រោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា «ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ដីមានសភាពទ្រុឌទ្រោម ដែលធ្វើឱ្យការជួយសង្គ្រោះរបស់យើងមានការលំបាក និងគ្រោះថ្នាក់ខ្លាំង»

ទីក្រុង Hpakant ត្រូវបានគេស្គាល់ថា ជាធនធានត្បូងដ៏សំបូរបែប ហើយក៏ជាកន្លែងនៃគ្រោះមហន្តរាយការជីកយករ៉ែដ៏អាក្រក់បំផុតរបស់អាស៊ីផងដែរ។ កាលពីឆ្នាំ២០២០ កម្មករជីករ៉ែយ៉ាងហោចណាស់ បាន ១៧០នាក់បានស្លាប់។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាផលិតបានប្រហែល ៩០ ភាគរយនៃត្បូង jade របស់ពិភពលោក​ ហើយប្រទេសចិនជាអ្នកទិញដ៏សំខាន់។ ឧស្សាហកម្មនេះរកចំណូលបានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់របបយោធា ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្តពាណិជ្ជកម្មរបស់ខ្លួន៕