(បាងកក)៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សនយោបាយថៃ Move Forward បានប្រកាសនៅថ្ងៃអង្គារនេះថា Move Forward នឹងមិនផ្តល់ការគាំទ្រឡើយដល់គណបក្ស ភឿថៃ (Pheu Thai) ក្នុងការបោះឆ្នោតនៅសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

កាលពីខែកក្កដាកន្លងទៅ គណបក្ស Move Forward និង Pheu Thai ធ្លាប់ស្ថិតក្នុងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីព្យាយាមបង្កើត​រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ Move Forward ប៉ុន្តែមេដឹកនាំរបស់បក្ស Move Forward លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភាដល់ទៅ២លើក។

ដូច្នេះហើយ គណបក្ស Pheu Thai ក្នុងនាមជាគណបក្សដែលឈ្នះបានអាសនៈច្រើនជាងគេទី២ បន្ទាប់ពី Move Forward ក្នុងការ​បោះឆ្នោតសកលកាលពីខែឧសភា ក៏បានទទួលបន្ទុកដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលវិញម្តង។ យ៉ាងណាមិញ ក្នុងសម្ព័ន្ធភាពរបស់ Pheu Thai គឺមិនរួមមាន Move Forward ទេ ដោយបក្ស Pheu Thai បានងាកទៅចាប់ដៃជាមួយក្រុមគណបក្សអភិរក្សនិយម និង​បក្សមានទំនាក់ទំនងជាមួយយោធា ដែលកន្លងមកបានប្រឆាំងបេក្ខជននាយករដ្ឋមន្រ្តីរបស់ Move Forward។

ទោះជាបែបនេះក៏ដោយ គណបក្ស Pheu Thai បានព្យាយាមខិតខំស្វែងរកការគាំទ្រពី Move Forward ដើម្បីឱ្យបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បានក្លាយជានាយករដ្ឋមន្រ្តី។ នាថ្ងៃអង្គារនេះ លោក ឆៃថាវ៉ាត់ ធូឡាថន (Chaithawat Tulathon) ដែលជាអគ្គលេខាធិការបក្ស Move Forward បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមសមាជិករដ្ឋសភារបស់ Move Forward បានមូលមតិគ្នាជាឯកច្ឆន្ទជំទាស់នឹង បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្ស Pheu Thai ដ្បិតទម្រង់នៃការបង្កើតរដ្ឋាភិបាលថ្មីនាពេលនេះ គឺមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនឡើយ។ លោក ឆៃថាវ៉ាត់ បានបន្តទៀតថា វាច្បាស់ណាស់ ដែលក្រុមសមាជិកព្រឹទ្ធសភានិងគណបក្សដទៃទៀត មានបំណងរាំងខ្ទប់ Move Forward។

គួរបញ្ជាក់ថា ក្នុងនាមជាគណបក្សដែលទទួលជ័យជម្នះនាំមុខគេ ក្នុងការបោះឆ្នោតសកល Move Forward មានអាសនៈសរុបចំនួន​១៥១នៅក្នុងរដ្ឋសភា ខណៈ Pheu Thai មាន១៤១អាសនៈ។ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី បេក្ខជនត្រូវការសំឡេងគាំទ្រសរុបចំនួន៣៧៥សំឡេង ក្នុងចំណោមសំឡេងសមាជិករដ្ឋសភានិងព្រឹទ្ធសភារួមបញ្ចូលគ្នា។ បច្ចុប្បន្ន រដ្ឋសភាថៃមានសមាជិកសរុប៥០០នាក់ រីឯព្រឹទ្ធសភា​មាន២៤៩នាក់។ ដោយឡែក សម្រាប់កាលបរិច្ឆេទថ្មីនៃការបោះឆ្នោតនៅសភា ដើម្បីរើសនាយករដ្ឋមន្រ្តី គឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕