(កាប៊ុល)៖ នៅថ្ងៃអង្គារនេះ ក្រុមតាលីបង់បានរៀបចំប្រារព្ធខួបរយៈពេល២ឆ្នាំ នៃការវិលត្រឡប់មកកាន់អំណាចឡើងវិញរបស់ពួកគេ នៅឯប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។
ក្រោយប្រតិបត្តិការវាយលុកលឿនដូចផ្លេកបន្ទោរ ស្របពេលដែលកងកម្លាំងយោធាបរទេសដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវដកចេញពីអាហ្វហ្កានីស្ថានវិញ បន្ទាប់ពីសង្រ្គាមរយៈពេល២០ឆ្នាំ ដែលមិនមានលទ្ធផល កងកម្លាំងរបស់ក្រុមតាលីបង់ បានចូលកាន់កាប់រដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈលោក អាសរ៉ាហ្វ ហ្កានី (Ashraf Ghani) ដែលជាប្រធានាធិបតីអាហ្វហ្កានីស្ថាននាពេលនោះ បានរត់ភៀសខ្លួនចេញពីប្រទេស ហើយកងទ័ពអាហ្វហ្កាស្ថាន ដែលទទួលបានការជួយគាំទ្ររាប់ឆ្នាំ ពីក្រុមលោកខាងលិច បានដួលរលំយ៉ាងងាយក្នុងពេលដ៏ខ្លី។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៉ីដ (Zabihullah Mujahid) បាននិយាយយ៉ាងដូច្នេះថា «នាឱកាសខួបលើកទី២ នៃការចូលកាន់កាប់ទីក្រុងកាប៊ុល ពួកយើងសូមអបអរប្រទេសអាហ្វហ្កានីស្ថាន ក៏ដូចជាសូមអរគុណព្រះជាម្ចាស់ដ៏អស្ចារ្យសម្រាប់ជ័យជម្នះនេះ»។ សន្តិសុខត្រូវបានរឹតបន្តឹងនៅទីក្រុងកាប៊ុលនាថ្ងៃអង្គារនេះ ដែលត្រូវបានប្រកាសជាថ្ងៃឈប់សម្រាក ហើយក៏មានការធ្វើព្យុហយាត្រាដោយក្រុមតាលីបង់ផងដែរ ខណៈក្រសួងមួយចំនួន បានរៀបចំកម្មវិធីដើម្បីអបអរគម្រប់ខួបនេះ។ តាលីបង់ធ្លាប់បានដឹកនាំអាហ្វហ្កានីស្ថានលើកដំបូង ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ នៅពេលដែលអាមេរិកចូលឈ្លានពាន។
គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាននាពេលនេះ កំពុងទទួលបាននូវសុខសន្តិភាពជាងមុន ធៀបនឹងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ ក៏ប៉ុន្តែទោះជាបែបនេះក៏ដោយ អង្គការសហប្រជាជាតិបាននិយាយថា អាហ្វហ្កានីស្ថាននៅបន្តមានការវាយប្រហារច្រើនករណីគួរសមដដែល ទៅលើជនស៉ីវិលស្លូតត្រង់ ដែលភាគច្រើនធ្វើឡើងដោយក្រុមភេរវករ ISIS ដែលជាសត្រូវរបស់ក្រុមតាលីបង់។ មិនតែប៉ុណ្ណោះ ស្រ្តីៗនិងក្មេងស្រីៗអាហ្វហ្កានីស្ថាន ដែលធ្លាប់ទទួលបានសិទ្ធិនិងសេរីភាពទូលំទូលាយ អំលុងរយៈពេល២០ឆ្នាំ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិចនោះ ក៏បានចាប់ផ្តើមរងការរឹតត្បិតសិទ្ធិសេរីភាពវិញផងដែរ ចាប់តាំងពីការវិលត្រឡប់របស់តាលីបង់៕