(មូស្គូ)៖ ក្នុងសារលិខិតជូនពរទៅកាន់ប្រធានាធិបតី លោកស្រី ឌ្រូប៉ាឌី មឺមូ (Droupadi Murmu) និងនាយករដ្ឋមន្រ្តី លោក ណារិនដ្រា ម៉ូឌី ចំទិវាបុណ្យឯករាជ្យរបស់ឥណ្ឌា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទីក្រុងមូស្គូ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិជាមួយទីក្រុងញូដេលី ហើយប្តេជ្ញាបន្តជំរុញទំនាក់ទំនងបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក ពូទីន បានគូសបញ្ជាក់ក្នុងសារលិខិតនោះថា «ខ្ញុំមានទំនុកចិត្តថា យើងនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាភាពជាដៃគូស្ថាបនា ដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក»

លោក ពូទីន បានបន្ថែមថា «សមិទ្ធិផលដែលឥណ្ឌាសម្រេចបានក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសង្គមត្រូវបានទទួលស្គាល់ជាសកល។ ឥណ្ឌាទទួលបានសិទ្ធិអំណាច ដែលសមនឹងទទួលបាននៅលើឆាកអន្តរជាតិ ដោយដើរតួនាទីយ៉ាងសំខាន់ និងស្ថាបនាក្នុងកិច្ចការអន្តរជាតិ»

គួរបញ្ជាក់ថា រុស្ស៉ី និងឥណ្ឌា ចាត់ទុកទំនាក់ទំនងរបស់ពួកគេក្នុងកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ»។ ប្រទេសទាំងពីរ មានការចាប់អារម្មណ៍ដូចគ្នា ទៅលើការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ជំនួសឲ្យពិភពលោកទ្វេប៉ូល ជាមួយនិងការធ្លាក់ចុះនៃសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕