(ញូដេលី)៖ នៅថ្ងៃអង្គារនេះ ក្រុមសង្រ្គោះបានបន្តការស្វែងរុករក អ្នកទាំងឡាយដែលអាចបានបាត់ខ្លួន នៅក្នុងគ្រោះទឺកជំនន់និងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្ស កើនដល់យ៉ាងតិច៥៨នាក់ នៅប្រទេសឥណ្ឌា ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។
អាជ្ញាធរនៅរដ្ឋ ហ៉ីម៉ាចាល ប្រាដេស (Himachal Pradesh) ភាគខាងជើងប្រទេសឥណ្ឌា បានឱ្យដឹងថា គិតចាប់តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ មកទល់នឹងពេលនេះ មនុស្សសរុបចំនួន៥០នាក់ហើយ បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀត នៅជាប់គាំងមិនអាចទៅណារួច ក្រោយផ្លូវធ្វើដំណើរ ខ្សែផ្គត់ផ្គង់ថាមពល និងបណ្តាញទំនាក់ទំនង បានទទួលរងការប៉ះពាល់។ នៅរដ្ឋខាងលើ មនុស្សរហូតដល់២០នាក់ ទំនងជាបានជាប់នៅក្រោមគំនរបាក់បែក ក្រោយមានគ្រោះបំណាក់ដី ហើយប្រជាជននៅក្នុងរដ្ឋ ត្រូវបានណែនាំកុំឱ្យចេញពីផ្ទះ និងជៀសវាងការទៅជិតច្រាំងទន្លេ។ ចំណែករដ្ឋ អ៊ូតារ៉ាខាន់ (Uttarakhand) ដែលនៅក្បែរខាងគ្នា ក៏បានមើលឃើញមនុស្សយ៉ាងហោច៨នាក់ បាត់បង់ជីវិតផងដែរ រាប់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។
គួរបញ្ជាក់ថា រដូវមូសុងទទួលបន្ទុកនាំមកឱ្យតំបន់អាស៉ីខាងត្បូង នូវកម្រិតទឹកភ្លៀងប្រមាណ៨០ភាគរយ នៃការធ្លាក់ភ្លៀងប្រចាំឆ្នាំរបស់តំបន់នេះ ហើយមានសារសំខាន់សម្រាប់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។ ទោះជាបែបនេះក្តី ទន្ទឹមគ្នាវាក៏នាំមកនូវការបំផ្លិចបំផ្លាញហិនហោចក៏ដូចជាការបាត់បង់ជីវិតមនុស្សរៀងរាល់ឆ្នាំផងដែរ ក្នុងទម្រង់នៃការវាយប្រហារដោយទឹកជំនន់និងបំណាក់ដី។ កាលពីខែកក្កដា ភ្លៀងមូសុងជាប់គ្នាជាច្រើនថ្ងៃនៅឥណ្ឌា បានសម្លាប់មនុស្សសរុបយ៉ាងតិច៩០នាក់ ហើយរដ្ឋធានីញូដេលីបានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ៕