(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នាថ្ងៃអង្គារនេះ បាននិយាយថា មកទល់ឥឡូវ គឺមិនទាន់ឃើញមានការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឬក៏សកម្មភាពគួរឱ្យកត់សម្គាល់ណាមួយ នៅឡើយទេដោយទីក្រុងប៉េកាំងនៅក្បែរដែនកោះនេះ បន្ទាប់ពីចិនបានចេញមុខថ្កោលទោស លើដំណើរទស្សនកិច្ចរយៈពេលខ្លី របស់មេដឹកនាំរងកោះតៃវ៉ាន់ គឺលោក វីលៀម ឡៃ (William Lai) នៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចិនបានថ្កោលទោសវត្តមានរបស់លោក ឡៃ នៅទីក្រុងញូយ៉ក ក្នុងឱកាសដែលរូបលោកត្រូវធ្វើដំណើរឆ្ពោះទៅបំពេញទស្សនកិច្ច នៅប្រទេសប៉ារ៉ាហ្កាយ។ ទីក្រុងប៉េកាំងបានហៅលោក ឡៃ ថាជាជនប៉ុនប៉ង់បំបែករដ្ឋ និងជាបុគ្គលចូលចិត្តបង្កើតបញ្ហា ហើយបានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីការពារអធិបតេយ្យរបស់ប្រទេសចិន។ តៃវ៉ាន់គឺជាដែនកោះដែលចិនចាត់ទុក ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។
កន្លងមកនេះ ក្រុមមន្រ្តីទីក្រុងតៃប៉ិបាននិយាយថា ចិនទំនងនឹងយកលេសទស្សនកិច្ចរបស់លោក ឡៃ ដើម្បីធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរកោះតៃវ៉ាន់ ក្រោមគោលដៅបម្រើជាការដាក់សម្ពាធមួយ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី ដែលនឹងត្រូវប្រព្រឹត្តទៅនាដើមឆ្នាំក្រោយ ដ្បិតលោក ឡៃ គឺជាបុគ្គលកំពុងមានប្រជាប្រិយភាពនាំមុខគ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក ស៊ុន លីហ្វាង (Sun Li Fang) បានលើកឡើងថា វាគឺជាការទទួលខុសត្រូវមួយរបស់ កងកម្លាំងយោធាតៃវ៉ាន់ ក្នុងការតាមដានសកម្មភាពនានារបស់ចិន នៅក្បែរដែនកោះនេះ។ លោក ស៊ុន បានបន្តថា កងទ័ពតៃវ៉ាន់បន្តប្រកាន់ខ្ជាប់ នូវស្មារតីមិនភ័យខ្លាចសត្រូវប៉ុន្តែតែមិនបង្កហេតុមុន នៅពេលប្រឈមសកម្មភាពគ្រប់បែបយ៉ាងរបស់ចិន ប៉ុន្តែមកទល់ឥឡូវ តៃវ៉ាន់មិនទាន់សង្កេតឃើញ សមយុទ្ធឬសកម្មភាពទ្រង់ទ្រាយធំណាមួយ ត្រូវបានធ្វើឡើងដោយយោធាចិននៅឡើយទេ។ អ្នកនាំពាក្យដដែល បានសង្កត់ធ្ងន់ថា ទោះជាបែបនេះក៏ដោយ មិនមែនមានន័យថា តៃវ៉ាន់នឹងបន្ថយការប្រុងប្រយ័ត្ន ឬការតាំងចិត្តត្រៀមលក្ខណៈសម្រាប់សង្រ្គាមនោះឡើយ។
គួរបញ្ជាក់ថា លោក វីលៀម ឡៃ នឹងត្រូវត្រឡប់មកដល់ទីក្រុងតៃប៉ិ នៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែនៅតាមផ្លូវត្រឡប់ពីប្រទេសប៉ារ៉ាហ្កាយវិញ លោកនឹងឆ្លៀតចូលទស្សនកិច្ចនៅសហរដ្ឋអាមេរិកម្តងទៀត គឺនៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ។ លើកចុងក្រោយបំផុត ដែលចិនបានធ្វើសមយុទ្ធយោធាក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ គឺកាលពីខែមេសា ឆ្នាំនេះ មួយថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានឆ្លៀតចូលទស្សនកិច្ចនៅរដ្ឋកាលីហ្វរញ៉ា ជាទីដែលលោកស្រីបានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខឺធី (Kevin McCarthy) បន្ទាប់ពីលោកស្រី ត្រឡប់ពីបំពេញទស្សនកិច្ចនៅឯតំបន់អាមេរិកកណ្តាល៕