(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបក់ (Annalena Baerbock) បាននិយាយនៅថ្ងៃអង្គារនេះថា គម្រោងបំពេញទស្សនកិច្ចរបស់លោកស្រី ដែលមានរយៈពេលខ្ទង់១សប្តាហ៍ មកកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក គឺត្រូវលុបចោលដោយសារតែ បញ្ហាកើតឡើងជាដដែលៗជាមួយយន្តហោះរដ្ឋាភិបាលរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នោថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

លោកស្រី ​Baerbock បានបង្ហោះសារនៅលើបណ្តាញសង្គម X (Twitter) យ៉ាងដូច្នេះថា «យើងបានព្យាយាមគ្រប់បែបយ៉ាងហើយ ប៉ុន្តែជាសំណាងមិនល្អ វាហាក់មិនអាចទៅរួចទេសម្រាប់ឱ្យខ្ញុំ ​នៅបន្តគម្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដោយគ្មាន​យន្តហោះដែលមានបញ្ហាមួយនេះ»។ ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ម្នាក់ គឺកាលពីថ្ងៃចន្ទសប្តាហ៍នេះ យន្តហោះខាងលើ បានព្យាយាមធ្វើការហោះហើរដល់ទៅទី២លើក ចេញពីទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ប៉ុន្តែត្រូវបានបង្ខំឱ្យត្រឡប់ទៅវិញក្រោមហេតុផល​សុវត្ថិភាព ដោយសារបញ្ហាបច្ចេកទេសកើតមានឡើងនៅផ្នែកស្លាបរបស់វា។

គួរបញ្ជាក់ថា លោកស្រីប្រមុខការទូតអាល្លឺម៉ង់ បានគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី នូវែលសេឡង់ និងហ្វីជី។ កាលពីឆ្នាំមុន លោកស្រីក៏ត្រូវបានបង្ខំឱ្យលុបចោលការធ្វើដំណើរទៅ ជួបសមភាគីចក្រភពអង់គ្លេសរបស់លោកស្រី គឺលោក ជែម ក្លេវើលី (James Cleverly) ដោយសារអាកាសធាតុមិនល្អផងដែរ។ ចំណែក កាលពីឆ្នាំ២០១៨ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា មឺគែល (Angela Merkel) បានខកខានការបើកកិច្ចប្រជុំកំពូល​ G20 នៅអាហ្សង់ទីន ជុំវិញបញ្ហាមួយដែលត្រូវបង្ខំឱ្យ ​យន្តហោះធ្វើដំណើររបស់លោកស្រី ត្រូវធ្វើការចុះចតដោយមិនបានព្រាងទុក​មុន៕