(​យូអិន)៖ អ្នកនាំពាក្យម្នាក់នៃបេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថាទីក្រុងប៉េកាំងបានជំទាស់ទៅនឹងគម្រោងបើកកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ដោយអះអាងថាកិច្ចប្រជុំបែបនេះនឹងមានតែបង្កើនការប្រឈមមុខ និងអរិភាព ដាក់គ្នាតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក អាល់បានី និងជប៉ុន បានស្នើឱ្យមានការបើកកិច្ចប្រជុំស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅ ក្នុងទីក្រុងញូវយ៉ក) ហើយនេះនឹងក្លាយជាជំនួបជាសាធារណៈលើកដំបូងនៃសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN លើបញ្ហានេះគិតចាប់តាំងពី ឆ្នាំ២០១៧មក។

ប៉ុន្តែ អ្នកនាំពាក្យម្នាក់នៃបេសកកម្មចិនប្រចាំ UN បានបញ្ជាក់ថាចិនមើលមិនឃើញពីគុណតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីបើកកិច្ចប្រជុំខាងលើ នោះទេ ហើយថាចិនជំទាស់នឹងកិច្ចប្រជុំបែបនេះ។ បើតាមអ្នកនាំពាក្យរូបនេះ កាតព្វកិច្ចចម្បងរបស់ក្រុមប្រឹក្សាសន្តិសុខគឺការពារសន្តិភាព និងសន្តិសុខ អន្តរជាតិ ពោលគឺមិនមែនសិទ្ធិមនុស្សឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង តែងតែច្រានចោលការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន ដោយទម្លាក់កំហុសថាការដាក់ ទណ្ឌកម្មទៅវិញទេ ដែលជាមូលហេតុធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើង៕