(វ៉ាស៊ីនតោន)៖ គណៈវិនិច្ឆ័យនៅក្នុងរដ្ឋចចជៀ (Georgia) នៅថ្ងៃអង្គារ ទី១៥ ខែសីហានេះបានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមដោយខុសច្បាប់ ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលបង្ហាញថា លោកបានចាញ់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការចោទប្រកាន់ខាងលើប្រឆាំងនឹងលោក ដូណាល់ ត្រាំ ត្រូវបានស្នើឡើងដោយរដ្ឋអាជ្ញាលោកស្រី Fani Willis ខណៈរូបលោកកំពុងប្រជែងយកតំណែងជា បេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យបក្សសាធារណរដ្ឋសាជាថ្មីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។

ក្រុមរដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់ប្រឆាំងលោក ត្រាំ និងមនុស្សជំនិតរបស់លោក ចំនួន ១១ករណី ក្នុងនោះរួមមានទាំងការក្លែងបន្លំ និងការសម្លុតគំរាម ដោយខុសច្បាប់។ បន្ថែមពីលើនេះ ក្រៅពីលោក ត្រាំ មនុស្ស ១៨នាក់ផ្សេងទៀតក្នុងនោះរួមមានលោក Mark Meadows ជាអតីតនាយខុទ្ទការល័យ សេតវិមាន និងមេធាវី២រូបរបស់លោក ត្រាំ គឺលោក Rudy Giuliani និងលោក John Eastman ក៏រងការចោទប្រកាន់ពីក្រុមរដ្ឋអាជ្ញាអាមេរិកដែរ។

គួរបញ្ជាក់ថា ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោក ដូណាល់ ត្រាំ គឺមានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោក ត្រាំ និង មន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតនៃរដ្ឋ Georgia លោក Brad Raffensperger កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក ត្រាំ បានបញ្ជាឱ្យលោក Raffensperger ត្រូវធ្វើយ៉ាងណាប្រែក្រឡាស់លទ្ធផលបោះឆ្នោតក្នុងរដ្ឋ Georgia ដែលបង្ហាញថារូបលោកបានចាញ់លោក ចូ បៃដិន ឱ្យទៅជាឈ្នះវិញ។ ប៉ុន្តែ លោក Raffensperger បានបដិសេធមិនព្រមធ្វើតាម។ លោក ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងឡាយប្រឆាំង នឹងរូបលោក ដោយអះអាងថាលោកជាមនុស្សស្អាតស្អំ ហើយថាការចោទប្រកាន់ទាំងនេះមានបង្កប់នូវចេតនានយោបាយប្រឆាំងនឹងអ្នកនយោបាយដូចជា រូបលោកតែប៉ុណ្ណោះ៕