(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ន​ៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាខ្លួននឹងបញ្ជូនជំនួយយោធាថ្មីមួយទំហំ២០០លានដុល្លារ ទៅឱ្យអ៊ុយក្រែន ដែល ក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារដែនអាកាស គ្រាប់កំាភ្លើងធំ និងបរិក្ខារដោះគ្រាប់មីនបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

ការផ្ដល់កញ្ចប់ជំនួយយោធាថ្មីខាងលើសម្រាប់អ៊ុយក្រែន ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុង សេចក្ដីថ្លែងការណ៍មួយ ជាមួយការបញ្ជាក់ថាកញ្ចប់ជំនួយយោធាថ្មីនេះក៏នឹងមានរួមបញ្ចូលដែរនូវប្រព័ន្ធអាវុធប្រឆាំងរថក្រោះ។ ដោយឡែក បើតាម ក្រុមមន្ត្រីអាមេរិក ជំនួយយោធា ២០០លានដុល្លារនេះ នឹងត្រូវបានដកចេញពីកញ្ចប់ជំនួយយោធាទំហំជាង ៦.២ពាន់លានដុល្លារ តាមរយៈសិទ្ធិរបស់ ប្រធានាធិបតី (Presidential Drawdown Authority ឬ PDA) ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកអាចដកអាវុធ ឬបញ្ជូនជំនួយយោធា ទៅឱ្យ អ៊ុយក្រែន ដោយមិនចាំបាច់មានការយល់ព្រមពីសភាជាមុន។

គួរបញ្ជាក់ថា ជាការឆ្លើយតប លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានអរគុណដល់សហរដ្ឋអាមេរិកផងដែរដែលបានផ្ដល់ជំនួយ យោធាបន្ថែមនេះ៕