(ញូវដេលី)៖ ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃចន្ទ (១៤ សីហា) ថា មនុស្សយ៉ាងតិច ២៤នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះ ៩នាក់ស្លាប់ដោយសារការបាក់រលំប្រាសាទលើ ហើយមនុស្សរាប់សិបនាក់ទៀតត្រូវបានគេភ័យខ្លាចថា បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបំផ្លិចបំផ្លាញយានយន្ត អគារ និងបំផ្លាញស្ពាន នៅភាគខាងជើងនៃរដ្ឋ Uttarakhand និង Himachal Pradesh ។
ទឹកជំនន់ និងការរអិលបាក់ដីកើតឡើងជារើយៗ ដោយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងរដូវខ្យល់មូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់វាកាន់តែខ្លាំង។
លោក Sukhvinder Singh Sukhu អភិបាលនៃរដ្ឋ Himachal Pradesh ដែលរងផលប៉ះពាល់ខ្លាំងជាងគេ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦នាក់បានបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំង០៩នាក់ បានស្លាប់ដោយសារការដួលរលំប្រាសាទហិណ្ឌូក្នុងទីក្រុង Shimla របស់រដ្ឋនេះ។
លោក Sukhu អំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្ថិតនៅតែក្នុងផ្ទះ និងចៀសវាងទៅជិតទន្លេ។ លោកបានបន្ថែមថា សាលារៀននៅក្នុងរដ្ឋត្រូវបានបិទ។
នៅរដ្ឋ Uttarakhand ដែលនៅជិតខាងឯណោះវិញ ក្រុមជួយសង្គ្រោះបានទៅកាយសម្អាតកម្ទេចថ្ម បន្ទាប់ពីគេមានការភ័យខ្លាចថា មនុស្សអាចនឹងត្រូវកប់ក្នុងកម្ទេចថ្មនោះ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បង្កការបាក់ដី។ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់០៨នាក់បានស្លាប់ ចាប់តាំងពីថ្ងៃសុក្រមក។
គួរបញ្ជាក់ថា ខ្យល់មូសុងបាននាំមកនូវទឹកភ្លៀងប្រចាំឆ្នាំប្រហែល ៨០ភាគរយ ហើយមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។ ប៉ុន្តែវាក៏នាំមកនូវការបំផ្លិចបំផ្លាញជារៀងរាល់ឆ្នាំក្នុងទម្រង់នៃការបាក់ដី និងទឹកជំនន់ផងដែរ៕