(មូស្គូ)៖ ស្ថានទូតរុស្ស៉ី ប្រចាំនៅទីក្រុងតេហេរ៉ង់ បានឲ្យដឹងថា ទីក្រុងមូស្គូថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ លើទីសក្ការបូជាក្នុងទីប្រជុំជនស៉ីរ៉ាស់ (Shiraz) ហើយថាខ្លួនត្រៀមរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា «យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះថ្នាក់ដឹកនាំ និងប្រជាជនអ៉ីរ៉ង់ ចំពោះការវាយប្រហារភេរវកម្មលើទីសក្ការបូជាសាស់ ឆឺរ៉ាក់ (Shah Cheragh) នៅទីប្រជុំជនស៉ីរ៉ាស់។ រុស្ស៉ីថ្កោលទោសយ៉ាងខ្លាំង ចំពោះករណីនេះ ហើយសូមសម្តែងនូវការអាណិតអាសូរ ចំពោះក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស»

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា «យើងសូមបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់យើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃគូអ៉ីរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»

គួរបញ្ជាក់ថា ការវាយប្រហារលើទីសក្ការបូជាសាស់ ឆឺរ៉ាក់ របស់អ្នកកាន់សាសនាអ៉ីស្លាមនិកាយស៉ីអ៉ីត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួន។ មកទល់នឹងពេលនេះ នៅមិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនោះទេ៕