(ណៃពិដោ)៖ មន្ត្រីជួយសង្គ្រោះមួយរូប បាននិយាយថា ការបាក់ដីនៅអណ្តូងរ៉ែថ្មកែវ ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមនុស្សជាង ៣០នាក់បាត់ខ្លួន ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅថ្ងៃចន្ទ នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងតំបន់ប៉ាកាន់ (Hpakant) ដែលជាទីប្រជុំជនមួយនៃតំបន់ភ្នំដាច់ស្រយាលក្នុងរដ្ឋកាឈីន (Kachin) ចម្ងាយប្រហែល ៩៥០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងទីក្រុងយ៉ាងហ្គន (Yangon)។ តំបន់នេះជាចំណុចសំបូរទៅដោយអណ្តូងរ៉ែថ្មកែវ ដែលធំៗនិងនាំមកនូវប្រភពចំណូលច្រើនបំផុត ក្នុងពិភពលោក។

ដោយបារម្ភខ្លាចត្រូវរបបយោធាចាប់ខ្លួន ប្រធានក្រុមជួយសង្គ្រោះ បាននិយាយក្នុងមិនបញ្ចេញឈ្មោះថា អ្នករុករករ៉ែជាង ៣០នាក់ដែលកំពុងជីកយកថ្ម ត្រូវបានទឹកហូរនាំទៅក្នុងបឹងមួយ នៅពេលដែលបំណាក់ដី បានវាយប្រហារនៅជិតភូមិម៉ាន់ណា (Manna) កាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ មនុស្ស ៣៤ នាក់កំពុងបាត់ខ្លួន ខណៈកម្មករអណ្តូងរ៉ែចំនួន ៨នាក់រងរបួស។

គួរបញ្ជាក់ថា គ្រោះថ្នាក់ស្រដៀងគ្នានេះតែក្នុងកម្រិតស្រាល ជាធម្មតាកើតឡើងនៅមីយ៉ាន់ម៉ា ហើយមិនទទួលបានការចាប់អារម្មណ៍ច្រើន នោះទេ។ ជាទូទៅ ជនរងគ្រោះ គឺជាអ្នកជីករ៉ែលក្ខណៈគ្រួសារ ហើយរស់នៅក្បែរពំនូកដីដ៏ធំៗ ដែលក្រុមហ៊ុនប្រើគ្រឿងចក្រជីកយករ៉ែបន្សល់ទុក និងប្រកបដោយគ្រោះថ្នាក់។

ធនធានរ៉ែ ក៏ជាប្រភពចំណូលដ៏សំខាន់ផងដែរសម្រាប់ក្រុម Kachin Independence Army ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច មានមូលដ្ឋាននៅក្នុងរដ្ឋ Kachin និងបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រឆាំងនឹងរដ្ឋាភិបាលកណ្តាលមីយ៉ាន់ម៉ា៕