(វែលីងតោន)៖​ រដ្ឋាភិបាលនូវែលសេឡង់នឹងដកចេញវិញ នូវវិធានការរឹតត្បិតកូវីដ១៩ ដែលនៅសេសសល់ទាំងប៉ុន្មាន ចាប់ពីវេលាយប់​រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីពួកវាត្រូវបានបន្តរក្សាទុក អស់រយៈពេលជាង៣ឆ្នាំមកហើយ គិតចាប់តាំងពីផ្ទុះឡើងនៃ​ជំងឺរាតត្បាតជាសកលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីសុខាភិបាលនូវែលសេឡង់ លោកស្រី អាយេសា វើរ៉ាល (Ayesha Verrall) បាននិយាយនៅថ្ងៃចន្ទនេះថា ចាប់ពីថ្ងៃអង្គារតទៅ នឹងលែងមានការតម្រូវឱ្យពាក់ម៉ាស នៅតាមមជ្ឈមណ្ឌលថែទាំសុខភាព ឬការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ក្រោយការឆ្លងវីរុសកូវីដទៀតហើយ។ លោកស្រី Verrall បានលើកឡើងយ៉ាងដូច្នេះថា «ស្របពេលដែល ចំនួនករណីឆ្លងរបស់យើង នៅបន្តឡើងចុះមិនទៀងទាត់ក្តី យើងមិន​បានសង្កេតឃើញការស្ទុះឡើងខ្លាំងណាមួយ ដូចកាលពីឆ្នាំមុននោះទេ។ ប្រការនេះ​ និងបូករួមគ្នាជាមួយ កម្រិតប្រព័ន្ធភាពស៉ាំសហគមន៍ ​គណៈរដ្ឋមន្រ្តីនិងរូបខ្ញុំ បានទទួលការផ្តល់យោបល់ថា ពួកយើងស្ថិតនៅចំណុចមួយ ដែលអាចដកធានការរឹតត្បិត ដែលនៅសេសសល់​ទាំងប៉ុន្មាន ចេញវិញដោយសុវត្ថិភាព»។

គួរបញ្ជាក់ថា នូវែលសេឡង់បានលុបចោល វិធានការរឹតត្បិតកូវីដ១៩ ភាគច្រើន កាលពីឆ្នាំ២០២២ ខណៈដែលអត្រាការចាក់វ៉ាក់សាំង បានឈានដល់កម្រិតខ្ពស់ ហើយប្រព័ន្ធសុខាភិបាលរបស់ប្រទេស អាចឆ្លងផុតរដូវរងាដោយជោគជ័យ ដោយសារមិនរងសម្ពាធធ្ងន់ធ្ងរ។ ការសម្រេចចិត្តខាងលើធ្វើឡើង ចំពេលដែលការបោះឆ្នោតសកល នឹងប្រព្រឹត្តទៅនៅរយៈពេលត្រឹម២ខែទៀតប៉ុណ្ណោះ។ ស្របពេលដែល​ការចាត់ចែងដោះស្រាយវិបត្តិកូវីដ១៩ របស់រដ្ឋាភិបាលនូវែលសេឡង់ ត្រូវបានអន្តរជាតិស្ងើចសរសើរក្តី ក៏នៅតែមានការរិះគន់ក្នុង​ស្រុកផ្ទាល់ សម្រាប់ការអូសបន្លាយការបិទខ្ទប់ ការបិទសាលារៀន ក៏ដូចជាការបិទព្រំប្រទល់៕