(ដាក្កា)៖ អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា មនុស្សយ៉ាងហោចណាស់ចំនួន៥៥នាក់ បានបាត់បង់ជីវិត និងជាង​១លាននាក់ទៀត បានរងផលប៉ះពាល់ ដោយសារតែការធ្លាក់ភ្លៀងខ្លាំងរយៈពេល២សប្តាហ៍មកនេះ ដែលបានបង្កគ្រោះទឹកជំនន់និងបំណាក់ដី នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

អាជ្ញាធរនៅស្រុកចំនួន៤ ស្ថិតក្នុងចំណោមកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ បាននិយាយថា ទឹកជំនន់និងគ្រោះរអិលបាក់ដី គិតចាប់តាំងពី​ថ្ងៃទី១ ខែសីហា មកទល់នឹងពេលនេះ បានផ្តាច់ជីវិតមនុស្ស២១នាក់ នៅ Cox's Bazar, ១៩នាក់ នៅ Chittagong, ១០នាក់ នៅ Bandarban និង៥នាក់ នៅ Rangamati។ អាជ្ញាធរបង់ក្លាដែសបានបន្តថា ការផ្ទៀងផ្ទាត់បញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែលស្លាប់ គឺអាចប្រព្រឹត្តទៅបាន ទាល់តែក្រោយទឹកជំនន់ចាប់ផ្តើមស្រកទៅវិញប៉ុណ្ណោះ។ បន្ថែមពីនេះ មនុស្សប្រហែល ៦០០,០០០នាក់ បានទទួលរងផលប៉ះពាល់នៅស្រុក Cox's Bazar និងប្រហែល៤៥០,០០០នាក់ បានរងផលប៉ះពាល់ នៅស្រុក Chittagong។

គួរបញ្ជាក់ថា រដូវមូសុងតែងតែទទួលបន្ទុកប្រមាណ៨០ភាគរយ នៃកម្រិតភ្លៀងធ្លាក់ប្រចាំឆ្នាំនៅតំបន់អាស៉ីខាងត្បូង ខណៈអំលុងពេលនេះ​ហើយ ដែលមានមនុស្សបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញច្រើន ដោយសារតែទឺកជំនន់និងគ្រោះរអិលបាក់ដី។ ខណៈការធ្លាក់ភ្លៀង ពិបាក​ក្នុងការព្យាករនិងមានលក្ខណៈប្រែប្រួលមិនទៀងទាត់ក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា បញ្ហាប្រែប្រួលអាកាសធាតុ កំពុងធ្វើជំរុញឱ្យ​រដូវមូសុងកាន់តែអាក្រក់និងផ្លាស់ប្តូរខ្លាំង ខណៈការកាប់បំផ្លាញព្រៃឈើ និងការសាងសង់លំនៅឋាន នៅតាមជម្រាលភ្នំ បានធ្វើឱ្យបាតុភូត​ទឺកជំនន់ភ្លាមៗ កាន់តែធ្ងន់ធ្ងរ៕