(តេហេរ៉ង់)៖ ក្រុមមន្ត្រីអ៉ីរ៉ាក់ បានប្រាប់ទូរទស្សន៍រដ្ឋឲ្យដឹងថា ការវាយប្រហារលើទីសក្ការបូជារបស់អ្នកកាន់សាសនាអ៉ីស្លាមនិកាយស៉ីអ៉ីតក្នុងទីប្រជុំជន ស៊ីរ៉ាស់ (Shiraz) នៃខេត្តហា្វស់ (Fars) ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

អភិបាលខេត្ត Fars លោក មហាំម៉ាត់ ហាឌី អ៉ីម៉ានីយ៉េហ៍ (Mohammad Hadi Imaniyeh) បាននិយាយថា ការវាយប្រហារនេះកើតឡើងនៅប្រហែលម៉ោង ៧យប់ (ម៉ោងក្នុងតំបន់) ដោយភេរវករប្រដាប់អាវុធម្នាក់បានចូលទៅក្នុងបរិវេណទីសក្ការបូជា ហើយបានចាប់ផ្តើមធ្វើការបាញ់ប្រហារ បន្ទាប់មកក៏ត្រូវបានចាប់ខ្លួន។ មនុស្ស ម្នាក់ត្រូវបានសម្លាប់ និង៧នាក់រងរបួស ក្នុងនោះមានកម្មករ ២នាក់ និងអ្នកធ្វើធម្មយាត្រា ២នាក់។ បច្ចុប្បន្ន កងកម្លាំងសន្តិសុខ បានបិទតំបន់ទីសក្ការបូជានោះ ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា ភ្លាមៗនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុស ចំពោះការវាយប្រហារលើទីសក្ការបូជា សាស់ ឆឺរ៉ាក (Shah Cheragh) នោះទេ តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់រាយការណ៍ថាការវាយប្រហារនេះធ្វើឡើងដោយក្រុមភេរវករ។ កាលពីខែតុលា ឆ្នាំ២០២២ ក្រុម ISIS ធ្លាប់បានអះអាងថាខ្លួនជា អ្នកនៅពីក្រោយការវាយប្រហារលើទីសក្ការបូជានេះ ដោយនៅពេលនោះផ្ដាច់ជីវិតមនុស្ស ១៥នាក់៕