(តៃប៉ិ)៖ មេដឹកនាំរងកោះតៃវ៉ាន់ លោក William Lai បាននិយាយថាកោះតៃវ៉ាន់នឹងមិនភ័យខ្លាច ហើយក៏នឹងមិនចុះញ៉មនោះដែរនៅចំពោះមុខការគំរាមកំហែង តែបញ្ជាក់ថាតៃវ៉ាន់នៅតែមានឆន្ទៈជជែកជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

លោក William Lai ដែលជាបេក្ខជនឈានមុខគេម្នាក់ផងនោះសម្រាប់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅក្នុងការបោះឆ្នោតសកលនៅខែមករា ឆ្នាំ២០២៤ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបំពេញទស្សនកិច្ចឈប់សំចតលើទឹកដីសហរដ្ឋអាមេរិក ដែលទទួលរងការថ្កោលទោសពីចិន។ ថ្លែងប្រាប់ក្រុមអ្នកគាំទ្រ ក្នុង ទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក William Lai បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើតៃវ៉ាន់មានសុវត្ថិភាព ពិភពលោក ក៏មានសុវត្ថិភាពដែរ ហើយប្រសិនបើតំបន់ច្រកសមុទ្រតៃវ៉ាន់មានសន្តិភាព នោះពិភពលោកក៏មានសន្តិភាព»។ លោកបន្ថែមថា «មិនថាមានការគំរាមកំហែង ប៉ុនណា ចំពោះតៃវ៉ាន់នោះទេ ក៏យើងដាច់ខាតនឹងត្រូវមិនបានបំភ័យ ឬចុះញ៉មនោះដែរ យើងនឹងការពារគុណតម្លៃប្រជាធិបតេយ្យ និងសេរីភាព»

គួរបញ្ជាក់ថា លោក William Lai កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចឈប់សំចតមួយ មុននឹងលោកបន្តដំណើរឆ្ពោះទៅកាន់ប្រទេស ប៉ារ៉ាហ្កាយ ដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មីរបស់ប្រទេសមួយនេះ។ ប៉ារ៉ាហ្កាយគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលនៅបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់៕