(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើងមួយចំនួនថាគ្មានទំនួលខុសត្រូវ សម្រាប់បរាជ័យក្នុងការទប់ស្កាត់ ការខូចខាត បង្កឡើងដោយព្យុះត្រូពិកមួយ ដែលបានវាយប្រហារលើតំបន់ឧបទ្វីបកូរ៉េកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

ព្យុះត្រូពិក Khanun ដែលបានវាយប្រហារលើប្រទេសជប៉ុន មុននឹងបក់បោកទៅដល់ឧបទ្វីបកូរ៉េ បានវាយប្រហារលើកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅកូរ៉េខាងត្បូង។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាឱកាសបំពេញទស្សនកិច្ចចុះត្រួតពិនិត្យដីស្រែចម្ការ ដែលត្រូវទឹកជន់លិច ក្នុងតំបន់អាន់ប៊ីយុន ( Anbyon) ស្ថិតនៅភាគខាងកើតនៃប្រទេស លោក គីម បាននិយាយថាតំបន់នេះបានរងការខូចខាតខ្លាំងជាងតំបន់ ដទៃ ដោយសារតែភាពគ្មានទំនួលខុសត្រូវទាំងស្រុងរបស់ក្រុមមន្ត្រីក្នុងតំបន់។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបានវាយប្រហារលើកូរ៉េខាងជើង គឺកើតមានឡើងចំពេលប្រទេសឯកោមួយនេះត្រូវបានគេរាយការណ៍ថាកំពុងប្រឈមមមុខនឹង ការខ្វះខាតស្បៀងអាហារ។ នៅក្នុងកិច្ចប្រជុំគណបក្សពលករកូរ៉េខាងជើង កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏ធ្លាប់បានអំពាវនាវឱ្យមាន ការប្រឹងប្រែងដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងកសិកម្មផងដែរ៕