(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៤ ខែសីហានេះបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន ធ្វើដំណើរទស្សនកិច្ចទៅកាន់រោងចក្រយោធាសំខាន់ៗមួយចំនួន ក្នុងនោះរួមមានទាំងរោងចក្រផលិតមីស៊ីល tactical missile។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាម KCNA លោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះការផ្ដោតថ្មីៗនេះរបស់រោងចក្រយោធាមួយលើការផលិតមីស៊ីល tactical missile និងការពង្រីកសមត្ថភាពផលិត អំឡុងដំណើរទស្សនកិច្ចមួយកាលពីសប្ដាហ៍មុន។ KCNA បានឱ្យដឹងទៀតថានៅក្នុងដំណើរទស្សនកិច្ចនោះដែរ លោក គីម បានបង្ហាញពីគោលបំណងដ៏សំខាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការផលិតមីស៊ីល ព្រមទាំងបានកោតសរសើរផងដែរដល់កិច្ចខិតខំប្រឹង ប្រែងផលិតគ្រាប់កាំភ្លើងធំ និងយន្ដហោះដ្រូនប្រយុទ្ធ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថាបាន និងកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ តែ ទាំងកូរ៉េខាងជើង និងរុស្ស៉ីបានទាត់ចោលការចោទប្រកាន់បែបនេះ។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយ KCNA បានឱ្យដឹង នៅថ្ងៃចន្ទនេះដែរថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យតំបន់រងគ្រោះដោយសារព្យុះត្រូពិក Khanun ដែលបានវាយប្រហារលើតំបន់ឧបទ្វីបកូរ៉េ កាលពីសប្ដាហ៍មុន ដោយបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី៕