(អ៊ីស្លាម៉ាបាដ)៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ជនសកម្មប្រយុទ្ធពីរនាក់ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងខេត្ត Baluchistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន បន្ទាប់ពីក្រុមបំបែកខ្លួនបានវាយប្រហារលើក្បួនរថយន្តរបស់វិស្វករចិន នៅឯទីក្រុងកំពង់ផែ Gwadar ដែលផ្តល់មូលនិធិដោយទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។

ការវាយប្រហារលើក្បួនរថយន្ត ដែលកងកម្លាំងរំដោះខេត្ត Baluchistan បានអះអាងទទួលខុសត្រូវនេះ បានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ខណៈការបាញ់ប្រហារយ៉ាងខ្លាំងក្លាបានបន្តរយៈពេលមួយម៉ោង ជាមួយនឹងកងកម្លាំងសន្តិសុខនៅក្នុងខេត្តនេះ។

លោក Hamza Shafqat លេខាធិការព័ត៌មាននៃខេត្ត Balochistan បានប្រាប់ Arab News តាមរយៈ WhatsApp ថា «ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ ភេរវករពីរនាក់ត្រូវបានសម្លាប់»

ចំនួនអ្នកស្លាប់ក៏ត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានហៅកាត់ថា ISPR ​ ដែរ ដោយគូសបញ្ជាក់ថា ពួកសកម្មប្រយុទ្ធបានប្រើ «អាវុធតូច និងគ្រាប់បែកដៃ» សម្រាប់ធ្វើការវាយប្រហារនេះ។

ISPR បានរាយការណ៍ថា «មិនមានការបង្កគ្រោះថ្នាក់ដល់យោធា ឬជនស៊ីវិលណាមួយឡើយ»

ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Gwadar ដែលជាទីតាំងយុទ្ធសាស្ត្រ នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយវាបានកើតឡើងមួយថ្ងៃបន្ទាប់ពីប៉ាគីស្ថានបានតែងតាំង លោក Anwaar-ul-Haq Kakar ដែលមកពីខេត្ត Balochistan ជានាយករដ្ឋមន្ត្រីចាំផ្ទះ។

សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ឱ្យដឹងថា ក្បួនរថយន្តរបស់ចិនបានដឹកបុគ្គលិកជនជាតិចិនចំនួន ២៣នាក់ និងមានរថយន្តប្រភេទ SUV ចំនួន ៣គ្រឿង និងរថយន្ត Van មួយគ្រឿងផងដែរ ដែលសុទ្ធតែមានប្រព័ន្ធការពារគ្រាប់កាំភ្លើង៕