(ហាវ៉ៃ)៖ អាជ្ញាធររដ្ឋហាវ៉ៃបានឱ្យដឹងថា នាពេលនេះ តួលេខមនុស្សដែលបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ នៅលើកោះ Maui បានបន្តកើនដល់ ៩៣នាក់ហើយ ជាហេតុធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក ដែលសម្លាប់មនុស្សច្រើនបំផុត បើគិតក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ជាមួយតួលេខអ្នកស្លាប់៩៣នាក់នេះ ភ្លើងឆេះព្រៃនៅកោះ Maui បានក្លាយជាភ្លើងឆេះព្រៃដែលឆក់យក ជីវិតមនុស្សច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិក គឺលើសភ្លើងឆេះព្រៃ Camp Fire ដែលបានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋកាលីហ្វរញ៉ា ហើយសម្លាប់មនុស្សយ៉ាងហោច៨៥នាក់។ មិនតែប៉ុណ្ណោះ វាគឺជាតួលេខខ្ពស់បំផុត នៃការស្លាប់ដោយសារភ្លើងឆេះព្រៃនៅអាមេរិក គិតចាប់តាំងតែពីឆ្នាំ១៩១៨មក នៅពេលភ្លើងឆេះព្រៃ Cloquet បានសម្លាប់មនុស្សសរុបរហូតដល់៤៥៣នាក់ ក្នុងរដ្ឋ Minnesota និងរដ្ឋ Wisconsin។
ភ្លើងឆេះព្រៃខាងលើបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយអណ្តាតភ្លើងរបស់វា បានលេបត្របាក់ស្ទើរទាំងស្រុងលើទីក្រុងប្រវត្តិសាស្រ្ត Lahaina ដែលជាទីកន្លែងដ៏ពេញនិយមមួយប្រចាំរដ្ឋហាវ៉ៃ សម្រាប់ភ្ញៀវទេសចរ។ ទីភ្នាក់ងារសហព័ន្ធផ្នែកគ្រប់គ្រងគ្រោះអាសន្ន FEMA បានវាយតម្លៃថា ថ្លៃចំណាយសម្រាប់ការកសាងទីក្រុងនេះឡើងវិញ គឺខ្ទង់៥.៥ពាន់លានដុល្លារ ដោយសំណង់ច្រើនជាង២,២០០ខ្នង បានរងការខូចខាតឬបំផ្លាញទាំងស្រុង ហើយផ្ទៃដីជាង៨៥០ហិកតា ត្រូវបានឆាបឆេះ៕