(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សចំនួនច្រើនជាង២,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងការលិចលង់ នៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី បន្ទាប់ពីទទួលរងការធ្លាក់ភ្លៀងខ្លាំង ដោយសារតែចំហាយឥទ្ធិពលនៃព្យុះត្រូពិច ខានុន (Khanun)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។

ក្រសួងទទួលបន្ទុកស្ថានការណ៍អាសន្ននៃប្រទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍តាមរយៈបណ្តាញ Telegram ដូច្នេះថា «មនុស្សជាង ២,០០០នាក់ ក្នុងនោះរួមមានទាំងកុមារ៤០៥នាក់ ត្រូវបានជម្លៀសចេញពីតំបន់ព្រីម៉ូរៀ (Primorye)»។ ក្រសួងបានបន្តថា អគារខ្ទង់ជិត ៥,០០០ខ្នង ត្រូវបានជន់លិចនៅតំបន់ Primorye ដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយប្រទេសចិននិងកូរ៉េខាងជើង ហើយក្រុមសង្រ្គោះបានរៀបចំមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន ចំនួន១៣កន្លែង នៅក្នុងតំបន់។

គួរបញ្ជាក់ថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS ស្ថានភាពទឹកជំនន់នៅឯទីក្រុង អ៊ូសស៊ូរីស (Ussuriysk) គឺអាក្រក់ជាទីបំផុត គិតក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។ ក្នុងសប្តាហ៍នេះ ព្យុះត្រូពិច Khanun បានប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅក្នុងទម្រង់ជាព្យុះទីហ្វុង៕