(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអាទិត្យនេះ បានថ្កោលទោសដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់ មេដឹកនាំរងកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) នៅឯសហរដ្ឋអាមេរិក ដោយបានហៅរូបលោកថា ជាជនប៉ុនប៉ងចង់បំបែករដ្ឋ និងជាបុគ្គលបង្កើតបញ្ហា ហើយបានព្រមានថា នឹងចាត់វិធានការរឹងមាំ ដើម្បីការពារអធិបតេយ្យរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។
លោក ឡៃ ដែលជាបេក្ខជននាំមុខគេ សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំកោះតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៤ បានធ្វើដំណើរទៅដល់ទីក្រុងញូយ៉ក កាលពីយប់ថ្ងៃសៅរ៍។ ជាផ្លូវការ វាគឺជាការឆ្លៀតចូលទស្សនកិច្ចតែមួយភ្លែតប៉ុណ្ណោះនៅទីនោះ តាមផ្លូវត្រូវឆ្ពោះទៅកាន់ប៉ារ៉ាហ្កាយ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ។ ប៉ារ៉ាហ្កាយស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។
ទីក្រុងប៉េកាំងធ្លាប់បានចេញមុខព្រមាន និងរិះគន់ជាច្រើនលើកមកហើយ ចំពោះផែនការទស្សនកិច្ចរបស់លោក ឡៃ ដែលនឹងរួមមានការឆ្លៀតចូលទស្សនកិច្ច នៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូថែមទៀត នាថ្ងៃពុធសប្តាហ៍ក្រោយ នៅពេលដែលរូបលោកត្រឡប់ពីប៉ារ៉ាហ្កាយ ដើម្បីឆ្ពោះមកទីក្រុងតៃប៉ិវិញ។ ភ្លាមៗបន្ទាប់ពីលោក ឡៃ បានទៅដល់ទីក្រុងញូយ៉ក ក្រសួងការបរទេសចិន ក៏បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបង្ហាញជំហរប្រឆាំងចំពោះការបំពេញទស្សនកិច្ចនានា ទោះក្នុងទម្រង់ណាក៏ដោយទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមបំបែករដ្ឋចង់បានឯករាជ្យឱ្យកោះតៃវ៉ាន់។
ទីក្រុងប៉េកាំងបានលើកឡើងយ៉ាងដូច្នេះថា «លោក ឡៃ នៅតែចចេសប្រកាន់ខ្ជាប់ នូវគោលជំហរផ្តាច់ខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ ហើយគឺជាបុគ្គលដែលចូលចិត្តបង្កើតបញ្ហាយ៉ាងជាក់ច្បាស់។ តៃវ៉ាន់គឺជារឿងសំខាន់បំផុត នៃផលប្រយោជន៍ស្នូលរបស់ចិន ហើយធាតុពិតជាក់ស្តែង បានបង្ហាញម្តងហើយម្តងទៀតថា មូលហេតុនៅពីក្រោយការកើនឡើង នៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ គឺដោយសារតែវ៉ាន់ផ្ទាល់ ព្យាយាមពឹងផ្អែកទៅលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ។ ចិនកំពុងតាមដានស្ថានការណ៍វិវឌ្ឍន៍នេះយ៉ាងដិតដល់ ហើយនឹងចាត់វិធានដែលរឹងមាំនិងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីរបស់ខ្លួន»។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកដែលមិនអាចកាត់ផ្តាច់បានដាច់ខាត នៃទឹកដីរបស់ប្រទេសចិន។ ជាការឆ្លើយតបចំពោះវត្តមានរបស់លោក ឡៃ នៅសហរដ្ឋអាមេរិក ចិនទំនងនឹងបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះនេះ នាសប្តាហ៍ក្រោយ ដ្បិតកាលពីពេលមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានឆ្លៀតឈប់នៅសហរដ្ឋអាមេរិក ហើយជួបប្រធានសភាតំណាងរាស្រ្តអាមេរិក អំលុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាមេរិកកណ្តាល កាលពីប៉ុន្មានខែមុន ចិនបានឆ្លើយតបដោយធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ បន្ទាប់ពីបានព្រមានជាច្រើនសា កុំឱ្យលោកស្រី សៃ ធ្វើយ៉ាងដូច្នោះ៕