(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារភេរវកម្ម» របស់អ៊ុយក្រែនលើស្ពាននៃតំបន់គ្រីមៀ (Crimean) ដោយនិយាយថាវាបានធ្វើឲ្យជីវិតជនស៉ីវិលស្លូតត្រង់ប្រឈមនឹងហានិភ័យ និងបានប្តេជ្ញាសងសឹកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់ថា «វាគ្មានហេតុផលអ្វីសម្រាប់ធ្វើសកម្មភាពបែបនេះទេ ហើយពួកយើមិនអាចនឹងមិនឆ្លើយតបបានឡើយ»។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ដដែលនេះ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា កងកម្លាំងរបស់ខ្លួនបានរារាំងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនលើស្ពានប្រវែង ១៩គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់គ្រីមៀឆ្លងកាត់ច្រកសមុទ្រ Kerch។ ទន្ទឹមនេះ កងកម្លាំងរុស្ស៉ី ក៏បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿងដែលសំដៅមកឧបទ្វីបនេះផងដែរ៕