(កៀវ)៖ ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយនៅថ្ងៃសៅរ៍នេះថា ឆ្នេរកម្សាន្តមួយចំនួននៃទីក្រុងអូដេសា (Odesa) របស់អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ បានបើកឲ្យពលរដ្ឋចូលកម្សាន្តឡើងវិញ ទោះបីជានៅមានការហាមឃាត់មិនឲ្យចុះងូតទឹក អំឡុងពេលមានការវាយឆ្មក់តាមអាកាសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

អភិបាលក្រុង Odesa លោក អូឡិហ៍ ឃីបភឺ (Oleh Kiper) បានឲ្យដឹងតាមបណ្តាញតេឡេ ថាការសម្រេចចិត្តបើកឆ្នេរកម្សាន្តឡើងវិញនេះ ធ្វើឡើងដោយមានការមូលមតិគ្នាពីសំណាក់រដ្ឋបាលស៉ីវិល និងយោធារបស់ទីក្រុង។ ឆ្នេរ នឹងបើកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៨យប់។

ចំណែក លោក អូឡេកសាន់ដឺ (Oleksandr) ដែលជាឆ្មាំសមុទ្រ និងជាអតីតអ្នកមុជទឹកម្នាក់ បាននិយាយថា សំណាញ់ប្រឆាំងមីនត្រូវបានពង្រាយ ដើម្បីការពារសុវត្ថិភាពអ្នកមុជទឹក។

គួរបញ្ជាក់ថា Odesa ដែលជាទីក្រុងកំពង់ផែ និងមានមូលដ្ឋានទ័ពជើងទឹកដ៏ធំបំផុតរបស់អ៊ុយក្រែន បានរងនូវការវាយប្រហារម្តងហើយម្តងទៀតពីមីស៉ីល និងយន្តហោះដ្រូន ហើយក្នុងសមុទ្រមានបង្កប់ដោយមីនរាប់រយគ្រាប់ ក្រោយពីរុស្ស៉ីបើកការឈ្លានពាន នៅឆ្នាំ ២០២២៕