(វ៉ាស៉ីនតោន)៖ អាជ្ញាធរនៅរដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ នៅលើកោះ Maui បានបន្តកើនដល់៨០នាក់ហើយ ស្របពេលដែលក្រុមមន្រ្តីកំពុងព្យាយាមស្វែងរកមូលហេតុ ថាតើហេតុអ្វីបានជាភ្លើងឆេះព្រៃនេះ បានរាលដាលយ៉ាងឆាប់រហ័ស នៅទីក្រុងរីសតប្រវត្តិសាស្រ្ត Lahaina ដោយហាក់ពុំមានការប្រកាសអាសន្នជាមុនទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

ភ្លើងឆេះព្រៃខាងលើបានក្លាយជា គ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យបំផុត ក្នុងប្រវត្តិសាស្រ្តនៃរដ្ឋហាវ៉ៃ ពោលគឺលើសមហន្តរាយស៊ូណាមិ ដែលបានឆក់យកជីវិតមនុស្សចំនួន៦១នាក់ នៅលើកោះហាវ៉ៃកាលពីឆ្នាំ១៩៦០ មួយឆ្នាំបន្ទាប់ពីទីប្រជុំកោះនេះ ក្លាយជារដ្ឋផ្លូវការទី៥០ របស់សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីនៃរដ្ឋហាវ៉ៃបានបន្តព្រមានថា ក្រុមរុករកអាចនឹងនៅរកឃើញសាកសពអ្នកស្លាប់ច្រើននាក់បន្ថែមទៀត។

ភ្លើងឆេះព្រៃនៅទីក្រុង Lahaina បានចាប់ផ្តើមដំបូងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈមកទល់ឥឡូវ វាត្រូវក្រុមភ្នាក់ងារពន្លត់អគ្គិភ័យគ្រប់គ្រងបានខ្ទង់ ៨៥ភាគរយ។ ភ្លើងឆេះព្រៃនេះ បានដុតបំផ្លាញសំណង់អគារអស់ខ្ទង់១,០០០ខ្នង ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត ហើយបន្សល់ទុកឱ្យមនុស្សរាប់ពាន់នាក់ ត្រូវបាត់បង់ទីជម្រក។ អាជ្ញាធរបានវាយតម្លៃថា ទំនងជានឹងត្រូវចំណាយពេលច្រើនឆ្នាំ និងថវិការាប់ពាន់លានដុល្លារ ដើម្បីស្តារការខូចខាត​នៅទីក្រុង Lahaina ឡើងវិញ។

គួរបញ្ជាក់ថា មកទល់ពេលនេះ វានៅមិនទាន់ច្បាស់នោះទេថា តើមានប្រជាជនមួយចំនួន បានទទួលការជូនដំណឹងប្រកាសអាសន្ន​ណាមួយដែរឬអត់ មុនពេលផ្ទះសម្បែងរបស់ពួកគេត្រូវបានអគ្គិភ័យលេបត្របាក់។ កោះ Maui មានបំពាក់នូវប្រព័ន្ធស៉ីរ៉ែនប្រកាសអាសន្ន ដែលទុកសម្រាប់ព្រមានពីគ្រោះធម្មជាតិ និងការគំរាមកំហែងផ្សេងៗទៀត ប៉ុន្តែពួកវាហាក់ពុំត្រូវបានប្រើប្រាស់ឡើយ អំលុងការវាយប្រហារនៃ​ភ្លើងឆេះព្រៃ។ រីឯក្រុមមន្រ្តីកោះ Maui មិនបានប្រាប់ឱ្យលម្អិតដែរថា តើពួកគេមានជូនដំណឹងប្រកាសអាសន្ន ដើម្បីឱ្យប្រជាជនប្រុង​ប្រយ័ត្នជាមុនដែរឬអត់ ឬក៏បញ្ជាក់ថា តើការព្រមានត្រូវបានធ្វើឡើងតាមមធ្យោបាយណា ដូចជាតាមរយៈសារជាអក្សរ អ៉ីម៉ែល ឬមួយការហៅទូរស័ព្ទ៕