(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រូបលោកនឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន នាខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

ការិយាល័យរបស់លោកបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងជួបជាមួយប្រធានាធីបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr.) នៅថ្ងៃទី៨ ខែកញ្ញា ដើម្បីជជែកគ្នា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខដែនសមុទ្រ ក៏ដូចជា​ការអភិវឌ្ឍ។ លោក អាល់បានីស ផ្ទាល់ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ភាពជាដៃគូរបស់យើងជាមួយហ្វីលីពីន គឺត្រូវបានកសាងឡើងដោយ​ឈរលើកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខជិតស្និទ្ធ ការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច និងភាពកក់ក្តៅនៃចំណងទាក់ទងរវាង​បុគ្គលនិងបុគ្គល»។

គួរបញ្ជាក់ថា អំលុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) កាលពីខែកុម្ភៈ ឆ្នាំនេះ ហ្វីលីពីននិងអូស្រ្តាលី ក៏បានជជែកគ្នាអំពីការបង្កើតប្រតិបត្តិការល្បាតរួមគ្នា នៅតំបន់សមុទ្រចិនខាងត្បូង ផងដែរ។ លោក អាល់បានីស នឹងក្លាយជា​មេដឹកនាំអូស្រ្តាលីដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅហ្វីលីពីន ក្នុងរយៈពេលប្រមាណជា២០ឆ្នាំ។ នៅខែក្រោយ លោក អាល់បានីស ក៏នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី និងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា ថែមទៀតផង៕