(សៀងហៃ)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានទទូចឱ្យប្រទេសហ្វីលីពីន ងាកមកធ្វើការងាររួមគ្នាជាមួយភាគីចិន ក្នុងការរិះរកមធ្យោបាយមានប្រសិទ្ធភាពមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយដូចខាងលើត្រូវបានធ្វើឡើង អំលុងដំណើរបំពេញទស្សនកិច្ចរបស់លោក វ៉ាង នៅប្រទេសសិង្ហបុរីនិងម៉ាឡេស៉ី ដែលបាន​ប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍-សុក្រសប្តាហ៍នេះ។ បើតាមសេចក្តីរាយការណ៍របស់ ស៉ីនហួរ លោកប្រមុខការទូតចិន បានលើកឡើងថា ចិនធ្លាប់បង្ហាញចេញជាច្រើនលើកច្រើនសាមកហើយ នូវឆន្ទៈក្នុងការដោះស្រាយចំណុចខ្វែងគំនិតគ្នាទាំងឡាយជាមួយទីក្រុងម៉ានីល តាមរយៈកិច្ចសន្ទនាទ្វេភាគី ដោយសង្ឃឹមថាភាគីហ្វីលីពីន នឹងប្រកាន់​ខ្ជាប់នូវការព្រមព្រៀងគ្នា ដែលសម្រេចបានកាលពីមុនមក។

គួរបញ្ជាក់ថា ការកើនឡើងកម្តៅនៃបញ្ហាវិវាទរវាងចិននិងហ្វីលីពីននាពេលថ្មីៗនេះ គឺពាក់ព័ន្ធទៅនឹងទីតាំងនាវាចម្បាំងច្រេះចាប់មួយគ្រឿង ដែលបម្រើជាប៉ុស្តិ៍យោធារបស់ហ្វីលីពីន នៅឯតំបន់ថ្មប៉ះប្រះទឹកដែលមានបញ្ហាជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីន​បានយកនាវាដ៏ចំណាស់សម័យសង្រ្គាមលោកលើកទី២ ឈ្មោះថា Sierra Madre ទៅទុកចោលនៅទីនោះដោយចេតនាកាលពីឆ្នាំ ១៩៩៩ ក្រោមគោលដៅពង្រឹងការទាមទារសិទ្ធិគ្រប់គ្រងរបស់ខ្លួន នៅតំបន់ថ្មប៉ះប្រះទឹក Second Thomas Shoal ដែលចិនហៅថា Ren'ai។ កងទ័ពហ្វីលីពីនមួយចំនួនតូច ត្រូវបានដាក់ឱ្យផ្លាស់វេនឈរជើងប្រចាំការ នៅលើនាវាចម្បាំងនោះ៕