(គ្រីមៀ)៖ នាថ្ងៃសៅរ៍នេះ រុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួនទើបបាញ់ទម្លាក់យន្តហោះដ្រូន ២០គ្រឿងទៀតរបស់អ៊ុយក្រែន នៅក្បែរឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសនៅលើបណ្តាញសង្គម Telegram ថា យន្តហោះដ្រូនចំនួន១៤គ្រឿង ត្រូវបានបាញ់កម្ទេចចោល ដោយប្រព័ន្ធមីស៉ីលការពារដែនអាកាស ខណៈដ្រូន៦គ្រឿងទៀត ត្រូវបានទប់ស្កាត់ដោយប្រព័ន្ធរលកអេឡិចត្រូម៉ាញេតិច ហើយមិនមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតអ្វីឡើយ។
គួរបញ្ជាក់ថា នៅឯទីក្រុងមូស្គូវិញ ក្រុមមន្រ្តីរុស្ស៉ីបានអះអាង កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានបាញ់កម្ទេចយន្តហោះដ្រូន១គ្រឿង ដែលមានគោលដៅឆ្ពោះទៅរដ្ឋធានីរបស់ប្រទេសរុស្ស៉ី ខណៈវាគឺជាហេតុការណ៍ថ្មីចុងក្រោយគេ នៃសកម្មភាពវាយប្រហារដោយប្រើដ្រូន ទៅលើទីក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រីឯកាលពីខែកក្កដា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនទៅលើតំបន់គ្រីមៀ បានបង្កឱ្យផ្ទុះទីតាំងស្តុកគ្រាប់រំសេវមួយកន្លែង ព្រមទាំងការខូចខាតចំពោះស្ពានយុទ្ធសាស្រ្តដ៏សំខាន់ ដែលតភ្ជាប់រវាងឧបទ្វីបនេះជាមួយនិងប្រទេសរុស្ស៉ី៕