(គូឡាឡាំពួ)៖ នៅថ្ងៃសៅរ៍នេះ ប្រជាជនម៉ាឡេស៉ីបាននាំគ្នាទៅបោះឆ្នោត នៅក្នុងរដ្ឋចំនួន៦ ដើម្បីជ្រើសរើសសមាជិកសភានៃរដ្ឋទាំងនោះ ខណៈវាគឺជាការបោះឆ្នោតមួយដែលត្រូវបានចាត់ទុកជា សូចនាករនៃការគាំទ្រ សម្រាប់រដ្ឋាភិបាលរួបរួមជាតិរបស់នាយករដ្ឋមន្រ្តី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

ការបោះឆ្នោតខាងលើ គឺដើម្បីជ្រើសតំណាងរាស្រ្តសរុប២៤៥នាក់ នៅរដ្ឋកេឡានតាន់ (Kelantan), រដ្ឋតេរេងហ្កានូ (Terengganu), រដ្ឋកេដាស់ (Kedah), រដ្ឋប៉េណាង (Penang), រដ្ឋសេឡានហ្គ័រ (Selangor) និងរដ្ឋណេហ្គើរី សេមប៊ីឡាន (Negeri Sembilan)។ ខណៈការបោះឆ្នោតនេះ ទំនងជាមិនមានផលប៉ះពាល់ភ្លាមៗ ចំពោះសំឡេងភាគច្រើន២ភាគ៣ដែលលោក អាន់វ៉ា កំពុងកាន់កាប់នៅសភា​ជាតិក៏ដោយ ក្រុមអ្នកវិភាគច្រើនបាននិយាយថា អំណាចលោកអាចនឹងចុះខ្សោយ ប្រសិនបើក្រុមចម្រុះ Pakatan Harapan របស់លោក ទទួលលទ្ធផលមិនសូវល្អ ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតដែលជាជនមូស្លីម នៅប្រទេសដែលមានប្រជាជនភាគច្រើន កាន់សាសនាអ៉ីស្លាមមួយនេះ។

ក្នុងចំណោមរដ្ឋទាំង៦ខាងលើ ក្រុមចម្រុះរបស់លោក អាន់វ៉ា គ្រប់គ្រងចំនួន៣ ខណៈចំនួន៣ទៀត គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់សម្ព័ន្ធភាពដឹកនាំ​ដោយអតីតនាយករដ្ឋមន្រ្តីលោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) ដែលផ្តោតទៅលើសហគមន៍ម៉ាឡេមូស្លីម។ ជនជាតិដើមម៉ាឡេ មានចំនួន២ភាគ៣នៃប្រជាជន​សរុប៣៣លាននាក់ នៅក្នុងប្រទេសម៉ាឡេស៉ី ដែលរួមមានទាំងជនជាតិភាគតិចចិននិងឥណ្ឌាច្រើនគួរសមផងដែរ។ លោក អាន់វ៉ា កំពុងតែព្យាយាមជំរុញបង្កើតសង្គមម៉ាឡេស៉ីមួយ ដែលមានបរិយាប័ន្នជាងមុន ក្រោមគោលដៅបើក​ឱ្យជនជាតិភាគតិចដទៃទៀត ទទួលបានឱកាសប្រសើរជាងមុន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ខណៈគូប្រជែងរបស់លោកចង់រក្សា ការគ្រប់គ្រងដោយក្រុមម៉ាឡេមូស្លីមឱ្យនៅដដែល។

គួរបញ្ជាក់ថា លោក អាន់វ៉ា បានក្លាយជានាយករដ្ឋមន្រ្តីកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយស្ថានភាពជាប់គាំងផ្នែកនយោបាយ ដែលបាន​មើលឃើញគណបក្សរបស់លោក ឈ្នះបានអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតសកល ប៉ុន្តែមិនមែនក្នុងសំឡេងភាគច្រើនដាច់ខាត ដែលចាំបាច់ដើម្បីបង្កើតរដ្ឋាភិបាលតែម្តង។ ប្រការនេះបានបង្ខំឱ្យលោកត្រូវចាប់ដៃជាមួយអតីតគូបដិបក្ខ នៅឯគណបក្ស UMNO ដើម្បីអាចទទួលបានសំឡេង២ភាគ៣ នៅក្នុងសភា និងការអនុញ្ញាតពីព្រះមហាក្សត្រម៉ាឡេស៉ី ដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ៕