(កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានពង្រីកយុទ្ធនាការរបស់លោកបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយរូបលោកបានបញ្ឈប់តួនាទី ប្រធានទទួលបន្ទុកកិច្ចការជ្រើសរើសទាហាន ប្រចាំនៅគ្រប់តំបន់ទាំងអស់ទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី បានប្រាប់ថា ការស៉ើបអង្កេតថ្នាក់ជាតិមួយទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពនៅទូទាំងអ៊ុយក្រែន បានលាតត្រដាងឱ្យឃើញនូវសកម្មភាពរំលោភបំពានដោយ ក្រុមមន្រ្តីជាប្រធានមជ្ឈមណ្ឌលទាំងនោះ ដែលរួមមានទាំងការបង្កើនទ្រព្យសម្បត្តិដោយមធ្យោបាយមិនស្របច្បាប់ និងការដឹកញ្ជូនក្រុមបុរសដែលជាប់កាតព្វកិច្ចយោធាឆ្លងព្រំដែន ទាំងដែលបម្រាមពេលសង្រ្គាម ហាមមិនឱ្យពួកគេចាកចេញពីប្រទេស។
បើតាមលោក ហ្សេលេនស្គី សំណុំរឿងព្រហ្មទណ្ឌសរុប១១២ករណី ត្រូវបានបើកនៅក្នុងការស៉ើបអង្កេតទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងក្រោយរឿងអាស្រូវអំពើពុករលួយ នៅឯការិយាល័យជ្រើសរើសកងទ័ព ក្នុងតំបន់អូដេសា (Odesa) កាលពីខែមុន។ លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ប្រព័ន្ធនេះគួរតែដំណើរការដោយអ្នកដែលស្គាល់ពិតប្រាកដ ថាអ្វីទៅជាសង្រ្គាម និងថាមូលហេតុអ្វីបានជា អំពើអត្មានិយមនិងអំពើពុករលួយ អំលុងពេលសង្រ្គាម ជាទង្វើក្បត់ជាតិ»។
បើតាមលោកប្រធានាធិបតីអ៊ុយក្រែន ក្រុមមន្រ្តីដែលត្រូវបានដកតំណែងទាំងនោះ នឹងត្រូវជំនួសមកវិញដោយយុទ្ធជនសង្រ្គាមថ្មីៗនេះ ហើយនិងទាហានដែលរងរបួស នៅសមរភូមិជួរមុខ។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី ក៏បានប្រាប់ឱ្យប្រធានការិយាល័យជ្រើសរើសកងទ័ពទាំងឡាយ ដែលមិនត្រូវស្ថិតក្រោមការស៉ើបអង្កេត ឱ្យធ្វើដំណើរទៅតំបន់សមរភូមិជួរមុខ ដើម្បីជួយប្រទេសប្រយុទ្ធនឹងរុស្ស៉ីផងដែរ ប្រសិនបើពួកគេចង់នៅបន្តពាក់សក្តិលើស្មា ហើយបញ្ជាក់ពីសេចក្តីថ្លៃថ្នូររបស់ខ្លួន។
គួរបញ្ជាក់ថា អ៊ុយក្រែនបានតម្កល់ការបោសសំអាតអំពើពុករលួយ ជាអាទិភាពដ៏ចម្បងមួយ ស្របពេលដែលខ្លួនប្រយុទ្ធតទល់នឹងការឈ្លានពានរបស់រុស្ស៉ី ហើយក្នុងពេលទន្ទឹមគ្នា ព្យាយាមស្វែងរកសមាជិកភាពនៃសហភាពអឺរ៉ុប (EU)។ កន្លងមកនេះ លោក ហ្សេលេនស្គី បានដកតំណែងឬដាក់ទោសមន្រ្តីជាន់ខ្ពស់ជាច្រើន ដែលមានជាប់ពាក់ព័ន្ធសកម្មភាពពុករលួយ៕