(ហាវ៉ៃ)៖ អាជ្ញាធរនៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃយ៉ាង​សន្ធោសន្ធៅ ដែលបានលេបត្របាក់ទីក្រុងរីសត ឡាហៃណា (Lahaina) លើកោះម៉ាវអ៉ី (Maui) ក្នុងសប្តាហ៍នេះ គឺបន្តកើនឡើងដល់៦៧នាក់ហើយ ខណៈតួលេខត្រូវរំពឹងថា នឹងបន្តកើនខ្ពស់ជាងនេះថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣។

តំបន់ Maui County បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ស្របពេលដែលកិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យកំពុងបន្តប្រព្រឹត្តទៅ មានការបញ្ជាក់​ពីចំនួនមនុស្សស្លាប់១២នាក់ទៀត គិតត្រឹមម៉ោង១រសៀលថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់) ចំពោះមុខការបន្តឆេះរាលដាលនៃភ្លើងឆេះព្រៃនៅទីក្រុង Lahaina។ ប្រការនេះធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់៦៧នាក់។ អភិបាលរដ្ឋហាវ៉ៃ លោក ចូស គ្រីន (Josh Green) បានព្រមានថា តួលេខនេះនឹងបន្តកើនថែមទៀត។

ភ្លើងឆេះព្រៃខាងលើ ដែលបានចាប់ផ្តើមដំបូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបំផ្លាញសំណង់អគារសរុបលើស១,០០០ខ្នង និងបន្សល់ទុកឱ្យមនុស្សរាប់ពាន់នាក់ បាត់បង់ទីជម្រក ខណៈអាជ្ញាធរបានចាត់ទុក វាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយ នៅក្នុង​ប្រវត្តិសាស្រ្តនៃរដ្ឋហាវ៉ៃ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅកោះ Maui គឺជាភ្លើងឆេះព្រៃចុងក្រោយគេ ដែលបានកើតឡើងអំលុងរដូវក្តៅឆ្នាំនេះ នៅជុំវិញពិភពលោក។ ​ភ្លើងឆេះព្រៃនាពេលកន្លងទៅថ្មីៗនេះ ដែលបង្កឡើងដោយសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់សិបម៉ឺននាក់ នៅតាមប្រទេសដូចជា អេស៉្បាញ ក្រិក ព័រទុយហ្កាល់ និងផ្នែកដទៃៗទៀតនៃទ្វីបអឺរ៉ុប ហើយតំបន់ភាគខាងលិចនៃប្រទេសកាណាដា បានមើលឃើញភ្លើងឆេះព្រៃខ្លាំងធ្ងន់ធ្ងរជាង​ធម្មតា៕