(ហាវៃ)៖ ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ភ្លើងឆេះព្រៃដែល បានឆាបឆេះនៅលើកោះ Maui បានសម្លាប់មនុស្សយ៉ាងតិច ៥៥នាក់ ដោយបានលេបត្របាក់ទីក្រុងប្រវត្តិសាស្ត្រ Lahaina ស្ទើទាំងស្រុង និងបណ្តាលឱ្យមានការខូចខាតយ៉ាងធំធេងបំផុត ដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ និងចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការស្តារឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

លោក John Pelletier មេបញ្ជាការខោនធី Maui បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈមនុស្សរាប់រយនាក់នៅកំពុងបាត់ខ្លួននៅឡើយ។ លោកបានបន្ថែមថា សង្កាត់ចាស់ នៃទីក្រុង Lahaina ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅភាគខាងលិចកោះ Maui ដែលទាក់ទាញអ្នកទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំត្រូវបានបំផ្លិចបំផ្លាញ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អភិបាលរដ្ឋហាវ៉ៃ លោក Josh Green (D) បានភ្ជាប់មូលហេតុភ្លើងទៅនឹងការឡើងកំដៅផែនដី ថា «ការប្រែប្រួលអាកាសធាតុគឺនៅទីនេះ ហើយវាកំពុងប៉ះពាល់ដល់កោះ»។

អភិបាលរដ្ឋរូបនេះបានបន្ថែមថា វាជាភ្លើងឆេះដ៏សាហាវបំផុតទីពីររបស់សហរដ្ឋអាមេរិកក្នុងរយៈពេលមួយសតវត្ស ដែលតាមពីក្រោយតែព្រឹត្តិការណ៍ Camp Fire របស់រដ្ឋកាលីហ្វ័រញ៉ា ដែលបានសម្លាប់មនុស្ស ៨៥នាក់ក្នុងឆ្នាំ ២០១៨៕